(ឡុងដ៍)៖ ក្លិបតោខៀវ Chelsea ខិតជិតសម្រេចកិច្ចព្រមព្រៀង ដើម្បីធ្វើការផ្ទេរកីឡាករ Marc Guiu នៃក្លិបអេស្ប៉ាញ Barcelona ក្នុងតម្លៃខ្លួន ៥លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
Chelsea ក៏មានគម្រោងរួចស្រេចដែរ ក្នុងការធ្វើតេស្តសុខភាពក្នុងទីក្រុង London សម្រាប់ខ្សែប្រយុទ្ធវ័យទើបតែ ១៨ឆ្នាំនេះ។
បន្ទាប់ពីការជជែកគ្នារយៈពេល ១សប្តាហ៍ ជាមួយភ្នាក់ងាររបស់កីឡាកររួចមក Chelsea កំពុងខិតជិតក្នុងការចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធអន្តរជាតិ U-19 អេស្ប៉ាញ ដើម្បីបង្កើនជម្រើសប្រយុទ្ធរបស់ពួកគេនារដូវកាលថ្មី។
ដោយបានបញ្ចប់ការហ្វឹកហាត់នៅសាលាបណ្តុះបណ្តាលដ៏ល្បី La Masia របស់ Barcelona យុវជន Guiu អាចរកគ្រាប់បាល់បាន ដោយប្រើពេលត្រឹមតែ ២៣វិនាទីប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់លោកទល់នឹងគូប្រជែង Athletic Bilbao កាលឆ្នាំ២០២៣។
Guiu ជាកីឡាករដែលមានថាមពល និងរហ័សរហួន ប៉ុន្តែមានបទពិសោធន៍តិចដោយរកបាន ២គ្រាប់ក្នុងការបង្ហាញខ្លួន ៧លើកក្នុងឈុតធំរបស់ក្លិប Barcelona គិតមកទល់ពេលនេះ៕