(វ៉ាស៊ីនតោន)៖ ក្រុមការពារតំណែងជើងឯក អាហ្សង់ទីនបានឡើងទៅឈរចាំមុននៃវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត ក្នុងព្រឹតិ្តការណ៍ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa America 2024 ក្រោយជ័យជម្នះ ១-០ ទៅលើគូប្រជែងឈីលី នាថ្ងៃពុធ ទី២៦ ខែមិថុនានេះ ដែលមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ពពកសអាហ្សង់ទីន ម្ចាស់ជើងឯកបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតាផងនោះ បានក្លាយជាក្រុមដំបូងគេក្នុងការឆ្លងចូលវគ្គចាញ់ធ្លាក់ជាបន្តទៀត ក្នុងចំណោម ១៦ក្រុមសរុប នៅពេលធ្វើបានជ័យជម្នះ ២ប្រកួតជាប់ៗគ្នារួចមក។

១គ្រាប់ជ័យជម្នះនោះដែរ ធ្វើបានដោយខ្សែប្រយុទ្ធ Lautaro Martinez ដែលទើបជួយក្លិបអាជីព Inter Milan ឈ្នះជើងឯក Serie A នៃលីគអ៊ីតាលីនារដូវកាលនេះ និងជាគ្រាប់ទី៤ របស់គេផងដែរ ពីការបង្ហាញខ្លួន ៣លើកចុងក្រោយនេះជាមួយអាហ្សង់ទីនទៀតផង។

ជំនួបរវាងក្រុមមកពីតំបន់អាមេរិកខាងត្បូងដូចគ្នានេះ គឺបានធ្វើឡើងនៅក្នុងកីឡដ្ឋាន MetLife ស្ថិតក្នុងរដ្ឋ New Jersey ដ្បិតម្ចាស់ជើងឯក Copa America កាលឆ្នាំ២០២១ មានការស៊ុតសរុបដល់ទៅ ២២ដងឯណោះ ចូលបានតែ ១គ្រាប់នៅនាទី៨៨។

តាមរយៈជ័យជម្នះ ២ប្រកួតនេះដែរ ដោយមិនរបូតសូម្បី ១គ្រាប់ផងនោះ បានធ្វើឱ្យក្រុមដែលមាន Lionel Messi រកបាន ៦ពិន្ទុពេញ ឈរនៅទីកំពូលតារាងនៃពូល A តាមពីក្រោយដោយកាណាដា ដែលមាន ៣ពិន្ទុ និងឈីលី រួមទាំងក្រុមបាតតារាងប៉េរូ ទើបមាន ១ពិន្ទុស្មើគ្នា។ អាហ្សង់ទីន ត្រូវប៉ះប៉េរូ ដើម្បីប្រកួតបង្រ្គប់កិច្ច ស្របពេលកាណាដា ត្រូវជួបឈីលី នាម៉ោង ៧៖០០ព្រឹកដំណាលគ្នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)៕