(ភ្នំពេញ)៖ ធនាគារហត្ថា បានប្រកាសជាផ្លូវការតែងតាំងលោក មិន សុផា ជាប្រធាននាយកប្រតិបត្តិថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះតទៅ។

លោក សុផា គឺជាធនាគារិកអាជីពមួយរូប ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ក្នុងប្រទេសកម្ពុជា។ គាត់ធ្លាប់កាន់តួនាទីជាថ្នាក់ដឹកនាំជាច្រើនក្នុងស្ថាប័នធនាគារធំៗរបស់កម្ពុជា និងអន្តរជាតិ ដូចជា៖ ធនាគារប្រេដ ប៊ែង (ខេមបូឌា) ធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ និងធនាគារ អេស៊ីលីដា អស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ។

លោក សុផា មានបទពិសោធការងារយ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នា រួមមានការធ្វើផែនការ និងការគ្រប់គ្រងប្រតិបត្តិការ បណ្តាញសាខា សេវាកម្មផ្នែកធនាគារពាណិជ្ជកម្ម សាជីវកម្ម និងសហគ្រាសខ្នាតតូចនិងមធ្យម ជាដើម។

មុនចូលបម្រើការងារនៅធនាគារហត្ថា លោក សុផា បានកាន់តួនាទីជានាយកប្រតិបត្តិរងនៅធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ដែលលោកបានជួយជំរុញឱ្យធនាគារមួយនេះក្លាយទៅជាធនាគារមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងទីផ្សារកម្ពុជា។

ក្រៅពីការងារអាជីពទាំងអស់នេះលោក សុផា ក៏ធ្លាប់និងកំពុងបម្រើការងារស្ម័គ្រចិត្តសំខាន់ៗមួយចំនូនផងដែរ ដូចជា៖ ការកាន់តួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Credit Bureau Holding Cambodia Co., Ltd (CBHC) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តរជាតិភ្នំពេញ (ISPP) ជាដើម។

លោក សុផា បានថ្លែងថា៖ «នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលខ្ញុំត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា។ ខ្ញុំមានជំនឿយ៉ាងម៉ុតមាំថា ធនាគារ ហត្ថា នឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពរឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយសារកេរ្តិ៍ឈ្មោះដ៏ល្អ និងយូរអង្វែងរបស់ធនាគារ នៅក្នុងទីផ្សារកម្ពុជា ជាមួយទំនុកចិត្តរបស់ អតិថិជនជាច្រើន។ ធនាគារមានធនធានបុគ្គលិកដែលមានបទពិសោធខ្ពស់ និងទទួលបាននូវការគាំទ្រពេញទំហឹងពីសំណាក់គណៈគ្រប់គ្រងរបស់ធនាគារ ក្រុងស្រ៊ី ខ្ញុំមានសេចក្តីសោមនស្សជាពន់ពេកក្នុងការដឹកនាំនាវាធនាគារហត្ថា ឆ្ពោះទៅកាន់ការរីកចម្រើនជាបន្តបន្ទាប់នៅពេលខាងមុខនេះ»។

ធនាគារហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារក្រុងស្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក។

សូមបញ្ជាក់ថា ធនាគារហត្ថា បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថាធនាគារហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា៕

សម្រាប់ព័ត៌មានបន្ថែមអំពីបច្ចុប្បន្នភាពធនាគារហត្ថា សូមចូលទៅកាន់៖ https://www.hatthabank.com/ ឬ តាមរយៈផេកហ្វេសប៊ុក https://www.facebook.com/HatthaBankPlc/