(ប៊ែកឡាំង)៖ ៣ប្រកួតនៃវគ្គសន្សំពិន្ទុតាមពូល A-F នាយប់មិញនេះ នៅព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប European Championship 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះនោះ គឺបានបញ្ចប់ជុំទី២ ហើយដោយមានបច្ចខែលព័រទុយហ្គាល់ ឈ្នះកៅអីឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀតដែរ។

១ប្រកួតបើកឆាកនាក្បាលព្រលប់ថ្ងៃសៅរ៍ ទី២២ ខែមិថុនា ជំនួបរវាងហ្ស៊កហ្ស៊ី និងសាធារណរដ្ឋឆេក បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ បន្តលេងមិនឈ្នះដូចគ្នា ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូល F មុនពេលជម្រើសជាតិព័រទុយហ្គាល់ អតីតជើងឯក Euro 2016 រកបានជ័យជម្នះជាលើកទី២ ពេលបំបាក់តួកគី ៣ទល់នឹង០ ឡើងទៅវគ្គ ១៦ក្រុម។

រីឯ ១ប្រកួតចុងក្រោយ ដើម្បីបិទបញ្ចប់ជុំទី២ នៃពូល E វិញ គឺបិសាចក្រហហអឺរ៉ុប ប៊ែលហ្សិក រកបាន ៣ពិន្ទុដំបូងរបស់ពួកគេ តាមរយៈយកឈ្នះរ៉ូម៉ានី ២-០ មាន ៣ពិន្ទុស្មើគ្នាទាំង ៤ក្រុមតែម្តងសម្រាប់ពូល E ដែលមាន រ៉ូម៉ានី ប៊ែលហ្សិក ស្លូវ៉ាគី និងអ៊ុយក្រែន ដោយត្រូវលេង ១ប្រកួតទៀត មុនពេលបិទបញ្ចប់វគ្គសន្សំពិន្ទុនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធី Euro 2024 លើកទី១៧ ដែលបានដំណើរការប្រកួតផ្លូវការរយៈពេល ៩ថ្ងៃមកនេះ ក្នុងចំណោម ២៤ក្រុមចូលរួម គឺបានរកឃើញ ៣ក្រុមផងដែរ ដែលកក់កៅអីស្វ័យប្រវត្តិឡើងទៅវគ្គ ១៦ក្រុមរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ អេស្ប៉ាញ និងព័រទុយហ្គាល់ ដ្បិតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៕