(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមបាល់ទាត់ វិសាខា បានប្រកាសតែងតាំងគ្រូបង្វឹកថ្មី លោក Jurgis Kalns ជនជាតិឡាតវី មកពីទ្វីបអឺរ៉ុប ដើម្បីដឹកនាំក្រុមត្រៀមការប្រកួតរដូវកាលថ្មី ឆ្នាំ២០២៤/២៥ ។ បុរសវ័យ ៤១ឆ្នាំរូបនេះ បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងក្រុមការងារ ក៏ដូចជាកីឡាករក្លិបថ្មី ខណៈលោករំពឹងនឹងអាចជួយក្លិប សម្រេចបំណងគ្រងជើងឯកលីគកំពូលកម្ពុជា (Cambodian Premier League) ប្រសិនបើមានការជឿជាក់ និងខំប្រឹងទាំងអស់គ្នាពីសំណាក់កូនក្រុម។

បុរសកាន់អាជ្ញាប័ណ្ឌគ្រូបង្វឹក UEFA Pro Licence ខាងលើ បានបញ្ជាក់ថា មុនសម្រេចមកដឹកនាំក្លិបនៅកម្ពុជា លោកក៏បានសិក្សាពីបាល់ទាត់កម្ពុជាច្រើនដែរ ។ លោកទទួលស្គាល់បាល់ទាត់នៅកម្ពុជា ខុសប្លែកគ្នាបន្ដិច ពីក្លិបលោកធ្លាប់ដឹកនាំនៅអឺរ៉ុប ដែលទាមទារឲ្យមានសិក្សា និងប្រើការគិតឲ្យបានច្រើនអំពីវា ពិសេសក្នុងនាមគ្រូបង្វឹក ដែលត្រូវសម្របទៅតាមអ្វីដែលក្លិបចង់បាន ។ លោកដឹងថា វិសាខាចង់បានរបៀបលេងមួយ បែបប្រយុទ្ធ ដាក់សម្ពាធ និងលេងបាល់ឲ្យបានច្រើន ហើយទាំងអស់នេះ ក៏ជាស្ទាយនៃការដឹកនាំរបស់លោកដែរ។

លោកបន្ដថា «ការក្លាយជាជើងឯក ក៏ជាគោលដៅសំខាន់របស់វិសាខា ហើយខ្ញុំក៏ចង់ជួយក្លិបឲ្យសម្រេចបានសមិទ្ធផលមួយនេះដែរ ព្រោះខ្ញុំចង់ផ្លាស់ប្ដូរប្រវត្តិសាស្ដ្ររបស់ក្លិបជូនដល់ក្រុមគ្រួសារ និងបុគ្គលិកទាំងអស់នៅទីនេះ ។ ខ្ញុំជឿថា យើងអាចធ្វើវាបាន ដោយការខិតខំប្រឹងប្រែងទាំងអស់គ្នា ។ ការពិតណាស់ ការប្រកួតនឹងស្វិតស្វាញ ព្រោះនៅទីនេះ មានក្រុមខ្លាំងៗជាច្រើន ដូចជាភ្នំពេញក្រោនជាដើម ។ ខ្ញុំក៏ទន្ទឹងរង់ចាំការប្រកួតដ៏ស្វិតស្វាញមួយនេះផងដែរ ។ ខ្ញុំបានរៀបចំខ្លួនបានខ្លះហើយ ហើយក៏បានវិភាគសម្រាប់ការប្រកួតដ៏ស្វិតស្វាញបែបនេះផងដែរ ហើយខ្ញុំជឿជាក់ថា អ្វីៗគ្រប់យ៉ាងនឹងល្អសម្រាប់ពួកយើង»

លោក Jurgis Kalns បន្ថែមថា «ខ្ញុំចង់និយាយថា គោលដៅរបស់ខ្ញុំ ផ្ទាល់ខ្លួន គឺដើម្បីក្លាយជាជើងឯកក្នុងរដូវកាលនេះ ហើយក្លិបក៏មានគោលដៅ ដើម្បីក្លាយជាជើងឯកដូចគ្នា ។ ប៉ុន្ដែដើម្បីសម្រេចវាបាន ត្រូវការការប្រឹងប្រែងធ្វើការច្រើន ។ ជាដំបូងគឺត្រូវការពីកីឡាករ ព្រោះថាពួកគាត់ត្រូវតែជឿជាក់លើខ្លួនឯងជាមុនសិន ហើយត្រូវតែជឿជាក់លើក្រុមការងារគ្រូ ក៏ដូចជាខ្ញុំ មិនមែនដោយសារថា ខ្ញុំនិយាយឲ្យពួកគាត់ធ្វើអ្វីមួយនៅលើទីលាន មិនមែនអាស្រ័យថា តើខ្ញុំនិយាយអ្វីខ្លះ នៅថ្ងៃប្រកួត ឬពេលហ្វឹកហាត់ទេ ប៉ុន្ដែពួកគាត់ត្រូវតែជឿជាក់ថា វាជាវិធីសាស្ដ្រដ៏ត្រឹមត្រូវមួយ ដើម្បីលេង។

នៅពេលដែលកីឡាករគាត់ធ្វើអ្វីមួយតាមគ្រូប្រាប់ ហើយពួកគាត់ ជឿជាក់ថា វាជាវិធីសាស្ដ្រដ៏ត្រឹមត្រូវនោះ ដូច្នេះពួកគាត់អាចធ្វើរឿងដែលត្រឹមត្រូវបានច្រើន ហើយយើងអាចសម្រេចបានអ្វីដែលយើងចង់បាន ។ ជាការពិតណាស់ រដូវកាលនេះ គឺជាឧបសគ្គមួយដ៏ធំសម្រាប់ខ្ញុំ ពីព្រោះខ្ញុំទទួលស្គាល់ថា ក្លិបមានគោលដៅដើម្បីក្លាយជាជើងឯក ហើយខ្ញុំក៏ធ្លាប់ទទួលបានជើងឯក ជាមួយក្លិបដែលខ្ញុំធ្វើការពីមុនដែរ ។ នៅពេលនោះ ក្លិបពីមុនខ្ញុំ គាត់ប្រាប់ខ្ញុំថា គាត់ចង់បានជើងឯក ហើយពួកយើងក៏បានក្លាយជាជើងឯកមែន ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងសម្រេចបានភាពជោគជ័យមួយនេះម្ដងទៀត ជាមួយវិសាខា»

គួរដឹងថា មុនមកដឹកនាំវិសាខា លោក Jurgis Kalns បានដឹកនាំក្លិប Valmiera គ្រងជើងឯកលីគកំពូលប្រទេសរបស់ខ្លួន ក្នុងរដូវកាលឆ្នាំ២០២២ ហើយក៏បានក្លាយជាក្លិបតំណាងប្រទេសឡាតវី ចូលរួមប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League 2023/24 តែបានរងបរាជ័យទាំង ២ជើង ក្នុងវគ្គ Qualification Round 1 ក្រោមថ្វីជើងក្រុម Olympia Ljubljana មកពីប្រទេសស្លូវ៉ានី ដោយលទ្ធផល ៤-២។ យ៉ាងណាមិញក្រុម Valmiera បានទទួលកូតាប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA European Conference League 2023/24 បន្ដទៀត ដោយយកឈ្នះក្រុម Tre Penne មកពីប្រទេសសាន់ម៉ារីណូ ទាំង ២ជើង ក្នុងលទ្ធផល ១០-០ មុនចាញ់ក្រុម Partisans មកពីប្រទេសអាល់បានី ទាំង២ជើង ក្នុងលទ្ធផល ៣-១ ៕