(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺកំពូលមហាសេដ្ឋី Elon Musk អះអាងនាពេលថ្មីៗនេះតាមរយៈបណ្តាញសង្គម X ថា កំពូលរថយន្តស៊េរីថ្មីរបស់ខ្លួន គឺ Tesla Roadster នឹងមានសមត្ថភាពអាចហោះហើរ។ ប្រសិនបើការអះអាងនេះ ជាការពិតមែន នោះ Roadster នឹងក្លាយជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ តែយ៉ាងណា Elon Musk មិនបានចែករំលែកព័ត៌មានលម្អិតបន្ថែម ដើម្បីគាំទ្រការអះអាងរបស់លោកទេ ប៉ុន្តែដំណឹងនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកឃ្លាំមើលឧស្សាហកម្មនេះជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Gizmo China។

គេនៅចាំបានថា យានយន្តលំដាប់កំពូលរបស់ Tesla គឺ Tesla Roadster នេះបានប្រកាសចេញផ្លូវការណ៍ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដែលវាជាអ្នកស្នងតំណែងពី Roadster ស៊េរីឆ្នាំ ២០០៨ ផលិតឡើយដោយប្រើទម្រង់ Elise platform ។ កំពូលរថយន្តនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី ១ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ១.៩ វិនាទីប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះមានរថយន្តម៉ាក Tesla និង Lucid មួយចំនួន មានសមត្ថភាពអាចជាន់សន្ទុះល្បឿនប្រសើរជាង ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតិចជាង ២វិនាទី។ លើសពីនេះទៅទៀតរថយន្តទំនើបក្នុងប្រភេទដូចគ្នាជាមួយ Roadster អាចសម្រេចបាននូវការជាន់សន្ទុះល្បឿនពី០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើរយៈពេលត្រឹម ១.៧ វិនាទី។

នៅក្នុងការបង្ហោះសារលើកនេះ ទោះបីជា Elon Musk មិនបានបង្ហើបអ្វីលំអិតផ្សេងទៀត ពីរថយន្តកំពូលនេះក៏ដោយ ប៉ុន្តែ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក នោះកំពូលរថយន្តអគ្គិសនីកំពូលល្បឿន Tesla Roadster ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការនៅឆ្នាំនេះ ហើយនឹងចូលសង្វាក់ផលិតកម្មនៅឆ្នាំ២០២៥។ សម្រាប់តម្លៃបឋមរបស់ Roadster គឺខ្ទង់ ២០ម៉ឺនដុល្លារអាមេរិក៕