(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនយក្ស Apple កំពុងរៀបចំកំណែទម្រង់ថ្មីនិងធ្វើឱ្យ iPhone, Apple Watch និង MacBook Pro កាន់តែស្តើងខ្លាំងជាងមុន ស្រដៀងគ្នាទៅនឹង iPad Pro ថ្មីដែលទើបតែប្រកាសចេញកាលពីដើមខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ Yahoo Finance នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ដំណឹងថ្មីនេះទទួលបានពីលោក Mark Gurman អ្នកជំនាញមកពីសារព័ត៌មាន Bloomberg ដោយបានលើកឡើងថា Apple មានគោលបំណងចង់ផលិតឧបរណ៍ដែលមានលក្ខណៈស្តើងបំផុត និងស្រាលបំផុតសម្រាប់គ្រប់ផលិតផលរបស់ខ្លួន ដោយក្នុងនោះ Apple នឹងចាប់ផ្តើមគម្រោងដំបូងជាមួយ iPhone ពោលគឺធ្វើវាឲ្យកាន់តែស្តើងបំផុតចាប់ពីត្រកូល iPhone 17 ក្នុងឆ្នាំ២០២៥ ខាងមុខនេះតទៅ។

យ៉ាងណាមិញគម្រោងនេះ ត្រូវបានបំផុសគំនិតក្រោយភាពជោគជ័យនៃ iPad Pro ថ្មីមានរូបរាងស្តើង ខណៈដែល Apple បានគូសបញ្ជាក់ថា វានឹងមិនធ្វើឱ្យខូចដល់ដំណើរការ និងអាយុកាលថ្មនោះទេ។ ចំពោះ iPhone កម្រាស់ស្តើងនាពេលមុខនេះ ត្រូវបានគេរំពឹងថានឹងមានតម្លៃថ្លៃជាងបើបើធៀបនឹង iPhone Pro Max នាពេលបច្ចុប្បន្ន ហើយមានទំហំអេក្រង់នៅចន្លោះ iPhone Pro Max និង iPhone Standard៕