(ប៉ារីស)៖ កីឡាការិនីតេន្នីសលំដាប់ទី៣ នៅលើពិភពលោក Aryna Sabalenka នឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក Paris Olympics នោះទេ ដើម្បីផ្តោតការយកចិត្តទុកដាក់លើសុខភាពរបស់នាង និងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំវិញ។ នេះបើតាមការបញ្ជាក់ពីម្ចាស់ពានរង្វាន់ជើងឯក ក្នុងកម្រិត Grand Slam ចំនួន ២លើក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

កីឡាការិនីវ័យ ២៦ឆ្នាំ សញ្ជាតិបេឡារុស្សរូបនេះបានឈ្នះពានរង្វាន់ Australian Open កាលពីខែមករា ប៉ុន្តែត្រូវបានទម្លាក់ចេញដោយកីឡាការិនីវ័យ ១៧ឆ្នាំ សញ្ជាតិរុស្ស៊ី Mirra Andreeva ក្នុងវគ្គ១/៤ ផ្តាច់ព្រ័ត្រនាខែនេះ។

«ជាមួយនឹងការតស៊ូទាំងអស់ ដែលខ្ញុំបានខិតខំប្រឹងប្រែងកាលពីខែមុន។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវថែទាំសុខភាពរបស់ខ្ញុំ» នាង Sabalenka បានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលប្រកួតនៅ Berlin Ladies Open។

នាងបានបន្តថា ​«វាមានកាលវិភាគច្រើនពេកហើយ ហើយខ្ញុំបានសម្រេចចិត្ត ដើម្បីថែរក្សាសុខភាពរបស់ខ្ញុំ»។

​សូមជម្រាបថា ព្រឹត្តិការណ៍ Paris Olympics នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅប្រទេសបារាំង៕