(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេប្រចាំប្រទេស និង DKSH Cambodia ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ បានប្រកាសភាពជាដៃគូ ដើម្បីភ្ជាប់ដំណោះស្រាយ QR API របស់ ABA PayWay ជាមួយកម្មវិធី mCollector របស់ ក្រុមហ៊ុន DKSH Cambodia។ កិច្ចសហការនេះ សម្រួលដល់ដំណើរការប្រមូលការទូទាត់បែបឌីជីថលរបស់ ក្រុមហ៊ុនDKSH Cambodia ដែលលុបចោលតម្រូវការប្រមូលដោយដៃ និងប៉ះពាល់ផ្ទាល់ជាមួយសាច់ប្រាក់។

ក្រុមហ៊ុន DKSH Cambodia ពង្រឹងសក្ដានុពលរបស់បណ្ដាអាជីវកម្មដែលចង់ពង្រីកវិសាលភាពទីផ្សាររបស់ពួកគេ ដោយផ្ដល់នូវដំណោះស្រាយសម្រាប់ក្រុមហ៊ុននានាដែលបានបង្កើត ឬមានវត្តមាននៅក្នុងទីផ្សារកម្ពុជា។ កម្មវិធី mCollector សម្រួលដល់ដំណើរការប្រមូលការទូទាត់ ដោយបង្កើតកូដ ABA KHQR ដោយស្វ័យប្រវត្តិនៅពេលមានសំណើទូទាត់។ ពេលនោះ អតិថិជនអាចប្រើអេបធនាគារណាមួយ ដើម្បីស្គែនលើ ABA KHQR ដែលបានបង្កើតនោះ និងបញ្ចប់ការទូទាត់ជូន ក្រុមហ៊ុន DKSH Cambodia យ៉ាងងាយស្រួល។

ការភ្ជាប់ប្រព័ន្ធនេះ លុបចោលនូវការបញ្ចូលទិន្នន័យដោយដៃ និងធានានូវប្រតិបត្តិការកាន់តែរហ័ស និងមានសុវត្ថិភាព។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយ ឆ្ពោះទៅកាន់ដំណើរការប្រមូលទូទាត់កាន់តែទំនើបបែបឌីជីថល និងមានប្រសិទ្ធភាព។

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍ថា «យើងខ្ញុំមានសេចក្ដីរីករាយក្នុងការសហការជាមួយក្រុមហ៊ុន DKSH Cambodia ដើម្បីផ្ដល់ជូនអតិថិជនរបស់ពួកគេនូវបទពិសោធទូទាត់បែបឌីជីថលដ៏រលូន និងមានសុវត្ថិភាព។ កិច្ចសហការនេះ គឺជាសមិទ្ធផលជោគជ័យដ៏សំខាន់មួយទៀតរបស់ ABA ក្នុងការជំរុញនវានុវត្តន៍ បង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងពង្រីកសក្ដានុពលរបស់ក្រុមហ៊ុនដូចជា DKSH»

លោកបានបន្ថែមថា «តាមរយៈការសម្រួលដល់ដំណើរការទូទាត់ពីអាជីវកម្មមួយទៅអាជីវកម្ម (B2B) ជាមួយ ABA PayWay, ក្រុមហ៊ុន DKSH អាចយកពេលវេលាផ្ដោតលើកិច្ចការដែលចាំបាច់ ឬជាអាជីវកម្មគោលចម្បងរបស់ពួកគេ»

កញ្ញា ធួន ច័ន្ទ សុយ៉ាវត្តី នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន DKSH Cambodia ក៏មានប្រសាសន៍ផងដែរថា «យើងខ្ញុំបន្ដរិះរកមធ្យោបាយនានា ដើម្បីពង្រឹងសេវាកម្ម ក៏ដូចជាផ្ដល់ជូនអតិថិជនយើងខ្ញុំជាមួយនឹងដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត។ ការភ្ជាប់ប្រព័ន្ធ ABA PayWay QR API ជាមួយ mCollector អាចឲ្យយើងខ្ញុំផ្ដល់នូវជម្រើសទូទាត់កាន់តែរហ័ស និងងាយស្រួលជូនដល់អតិថិជន»

DKSH Cambodia គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ សម្រាប់ក្រុមហ៊ុនដែលចង់ឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ដោយបម្រើសេវាជូនដៃគូអាជីវកម្ម តាមរយៈបណ្ដាញសកលយ៉ាងទូលំទូលាយ និងអ្នកជំនាញការនៅក្នុងឧស្សាហកម្មផ្ទាល់ ដែលមានចំណេះដឹងស៊ីជម្រៅអំពីទីផ្សារក្នុងស្រុកក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអ្នកឯកទេសជាង ១,៧០០ DKSH ជួយដល់ក្រុមហ៊ុន/អាជីវកម្មឲ្យរីកលូតលាស់នៅក្នុងទីផ្សារថ្មី និងទីផ្សារដែលមានស្រាប់៕