(ប៊ែកឡាំង)៖ ការប្រកួតពានរង្វាន់ជើងឯកអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់នោះ គឺលេងបាន ៣ថ្ងៃមកហើយ ពីការប្រកួតប្រជែងសន្សំពិន្ទុតាមពូលពីពូល A ដល់ពូល F ស្របពេលអង់គ្លេស ដែលជាជើងឯករងកាលឆ្នាំ២០២០ ក៏រកបាន ៣ពិន្ទុពី ១ប្រកួតបើកឆាករបស់ពួកគេដែរ។

១ប្រកួតបើកឆាកនាក្បាលព្រលប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ក្រុមជម្រើសជាតិហូឡង់បានវាបកឈ្នះប៉ូឡូញ ២-១ ដើម្បីឡើងទៅគ្រប់គ្រងកំពូលតារាងនៃពូល D ជាបណ្តោះអាសន្ន ដ្បិត ១ប្រកួតទៀតរវាងបារាំង និងអូទ្រីស ត្រូវលេងយប់នេះ។

យ៉ាងណាក៏ដោយ ការប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល C វិញរវាងដាណឺម៉ាក និងស្លូវ៉េនី គឺបានបញ្ចប់ក្នុងលទ្ធផល ១-១ ចែកគ្នាម្នាក់ ១ពិន្ទុ គ្រាដែលតោកំណាចអង់គ្លេស ក៏បានឡើងទៅឈរទីកំពូលតារាងជាបណ្តោះអាសន្ន តាមរយៈយកឈ្នះស៊ែប៊ី ១ទល់នឹង០ ក្នុងនាមជាក្រុមរងជើងឯកពាន ៤ឆ្នាំម្តងនេះ ដ្បិតចាញ់អ៊ីតាលីកាលផ្តាច់ព្រ័ត្រឆ្នាំ២០២១។

គួរបញ្ជាក់ផងថា Euro 2024 បានដំណើរការប្រកួតមានរយៈពេល ៣ថ្ងៃមកហើយ ស្មើនឹង ៧ប្រកួត ដោយមានការស៊ុតបញ្ចូលទីគ្នាសរុបមានដល់ទៅ ២២គ្រាប់ ខណៈក្រុមខ្លាំងមានដូចជា អង់គ្លេស ហូឡង់ អ៊ីតាលី និងម្ចាស់ផ្ទះអាល្លឺម៉ង់ សុទ្ធតែទទួលបាន ៣ពិន្ទុដូចៗគ្នា៕