(អាល្លឺម៉ង់)៖ ក្រុមការពារតំណែងជើងឯកពានអឺរ៉ុប Euro ក្រុមអ៉ីតាលី បានការប្រកួតបើកឆាកស្ថិតក្នុងពូល B រកបាន ៣ពិន្ទុដំបូងពីការវាយបកយ៉ាងល្អយកឈ្នះក្រុមអាល់បានី លទ្ធផល ២-១ ខណៈក្រុមអាល់បានី ក្លាយជាក្រុមដំបូងគេនៅ Euro2024 ដែលអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ ដោយអាចរកបានគ្រាប់នាំមុនយ៉ាងលឿនទៅគូប្រកួតនៅត្រឹមការចាប់ផ្តើមលេងបាន ១នាទីដំបូង។

នេះជាការប្រកួតដំបូងក្នុងពូល B ក្រុមអាល់បានី បានបើកការនាំមុនក្រុមអ៉ីតាលី ដោយកីឡាករ Bajrami នៅការស៊ុតក្នុងនាទីទី១ ខណៈក្រុមអ៉ីតាលី ដឹកនាំដោយលោក Luciano Spalletti បានព្យាយាមវាយបកបាន ២គ្រាប់មកវិញដោយការស៊ុតរបស់កីឡាករ Bastoni និង Barella ដែលលទ្ធផលនេះកើតឡើងក្នុងវគ្គទី១ នៃការប្រកួត។

តាមរយៈនេះ ក្រុមអ៉ីតាលី បានឈរនៅលេខរៀងទី២ ក្នុងតារាងពិន្ទុពូល B ស្មើគ្នាជាមួយក្រុមអេស្ប៉ាញ ដែលលុតក្រុមក្រូអាត ៣-០ ផងដែរ ប្រកួតទី២ ក្រុមកំពូលតារាងទាំងពីរត្រូវប៉ះគ្នា ហើយក្រុមក្រូអាត ប៉ះក្រុមអាល់បានី ក្នុងស្វែងរក ៣ពិន្ទុបន្ថែមយ៉ាងសំខាន់ ៕