(ឡុងដ៍)៖ ក្លិបបាល់ទាត់ Crystal Palace បានចុះកិច្ចសន្យានាំយកខ្សែការពារអន្តរជាតិម៉ារ៉ុករបស់ FC Barcelona កីឡាករ Chadi Riad លើកិច្ចសន្យារយៈពេលវែង។ នេះបើយោងតាមក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករវ័យ ២០ឆ្នាំរូបនេះបានចូលរួមជាមួយ Palace បន្ទាប់ពីចំណាយពេល ១រដូវកាលលេងខ្ចីជើងនៅក្លិប Real Betis ជាទីដែលលោកបានលេង ៣០លើក ក្នុងការប្រកួតទាំងអស់។

លោកធ្លាប់បានបង្ហាញខ្លួនត្រឹមតែ ១លើកប៉ុណ្ណោះសម្រាប់ឈុតធំរបស់ Barcelona។

​​Riad បានទទួលការកោះហៅ ៣លើកផងដែរ លេងឱ្យក្រុមជម្រើសជាតិម៉ារ៉ុក ដោយបង្ហាញខ្លួនជាលើកដំបូង ក្នុងការប្រកួតទល់នឹងក្រុមសៀរ៉ាឡេអូន កាលពីខែមករា និងរកបានគ្រាប់ដំបូងរបស់លោកសម្រាប់ក្រុមជម្រើសជាតិ ក្នុងការប្រកួតទល់នឹងកុងហ្គោកាលពីដើមសប្តាហ៍នេះ។

សូមបញ្ជាក់ថា Riad គឺជាកីឡាករដំបូងដែលបានផ្ទេរទៅកាន់ Palace ក្នុងរដូវកាលផ្ទេរកីឡាករនេះ ដែលបានបើកទ្វារនៅថ្ងៃសុក្រម្សិលមិញ៕