(ប៊ែកឡាំង)៖ ខ្សែការពារកណ្តាល Mats Hummels នឹងចាកចេញពីក្លិប Borussia Dortmund។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគ Bundesliga។​ នេះបើយោងតាមសារព័ត៌មាន​ CNA ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

ការចាកចេញរបស់កីឡាករសញ្ជាតិអាល្លឺម៉ង់ Hummels បានកើតឡើង ១ថ្ងៃ បន្ទាប់ពីគ្រូបង្គោល Edin Terzic បានសុំលាឈប់ពីក្លិបនេះដែរ។

កីឡាករ Hummels វ័យ ៣៥ឆ្នាំរូបនេះ បានចុះកិច្ចសន្យាចំនួន ២លើកលេងឱ្យក្លិប Borussia Dortmund។

​Hummels ដំបូងឡើយបានចូលរួមលេងខ្ចីជើងផ្ទេរមកពីក្លិប Bayern Munich ក្នុងឆ្នាំ២០០៨ មុនពេលចុះកិច្ចព្រមព្រៀងលេងជាអចិន្ត្រៃយ៍ ហើយបន្តលេងរហូតដល់ឆ្នាំ២០១៦ នៅពេលដែលលោកផ្ទេរទៅលេងនៅ Bayern វិញ។

បន្ទាប់ពីកិច្ចព្រមព្រៀង ៣ឆ្នាំ នៅ Bayern លោកបានវិលត្រឡប់ទៅលេងនៅ Dortmund វិញក្នុងឆ្នាំ២០១៩។

Hummels ដែលជាសមាជិកឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៤ ជាមួយនឹងអាល្លឺម៉ង់នោះ បានឈ្នះពានរង្វាន់លីគ Bundesliga ចំនួន ២លើក និងពានរង្វាន់ German Cup ចំនួន ២លើកផងដែរជាមួយ Dortmund៕