(ព្រះសីហនុ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានដាក់សម្ពោធសាខាថ្មី សាខាខេត្តព្រះសីហនុ ដែលជាទីតាំងមានសក្តានុពល ក្នុងប្រទេសកម្ពុជា។

ការបើកដំណើរការសាខាខេត្តព្រះសីហនុនេះ បង្ហាញយ៉ាងច្បាស់ពីការបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ ស្ថាបនា នៅទីតាំងសំខាន់ៗ ដើម្បីបន្តផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល និងពង្រឹងលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន និងម្ចាស់អាជីវកម្មឲ្យកាន់តែទូលំទូលាយ។

ដើម្បីអបអរសាទរ នូវពិធីបើកសម្ពោធសាខាថ្មីជាផ្លូវការ ធនាគារ ស្ថាបនា បានធ្វើកម្មពិធីកាត់ខ្សែបូនៅសាខាខេត្តព្រះសីហនុ។ ពិធីសម្ពោធនេះ ប្រារព្ធឡើងក្រោមវត្តមានលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ លោក ឯក សុផុន ប្រធានសាខាធនាគារជាតិនៃកម្ពុជា ខេត្តព្រះសីហនុ និងលោក Iwasa Tomoyuki ប្រធាននាយកប្រតិបត្តិស្តីទី នៃធនាគារ ស្ថាបនា ភីអិលស៊ី។

លោក Iwasa Tomoyuki ប្រធាននាយកប្រតិបត្តិស្តីទី នៃធនាគារ ស្ថាបនា ភីអិលស៊ី បានថ្លែងថា «យើងពិតជាមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលបានបើកដំណើរការសាខាថ្មី ជាផ្លូវការនៅខេត្តព្រះសីហនុ។ ការបើកសាខាថ្មីនេះ គឺជាសាខាទី ១៧៥ ដែលបង្កើតឡើងដើម្បីផ្តល់សេវាធនាគារយ៉ាងពេញលេញជូនអតិថិជន និងសហគមន៍ទាំងមូលក្នុងប្រទេសកម្ពុជា»

លោកបន្ដថា «តាមរយៈសាខាថ្មីនេះ យើងក៏ទទួលបានឱកាស ក្នុងការផ្តល់ជូននូវប្រតិបត្តិការធនាគារប្រចាំថ្ងៃ កាន់តែងាយស្រួល ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាមួយនឹងផលិតផល និងសេវាធនាគារដ៏សម្បូរបែប បានយ៉ាងមានប្រសិទ្ធភាពខ្ពស់»

គូសបញ្ជាក់ផងដែរថា ធនាគារស្ថាបនា សាខាខេត្តព្រះសីហនុ ស្ថិតនៅក្នុងខេត្តដ៏ធំមួយ និងត្រូវបានកំណត់ជាទីតាំង យុទ្ធសាស្រ្ដក្នុងការពង្រឹងនូវវត្តមានរបស់ខ្លួន នៅតាមបណ្ដាខេត្តសំខាន់ៗ ក៏ដូចជាផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុ ដែលសមស្របតាមតម្រូវការរបស់អតិថិជនក្នុងតំបន់។

ក្នុងនោះផងដែរ យើងមានផលិតផល និងសេវាធនាគារដ៏សម្បូរបែបជូនដល់អតិថិជនរួមមាន៖ គណនីសន្សំឆ្លាតវៃ កម្មវិធីស្ថាបនាម៉ូបាល ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន ស្ថាបនាប័ណ្ណឥណទាន ស្ថាបនា នារី សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស អេធីអឹម ២៤/៧ ម៉ាស៊ីនដាក់ប្រាក់ និងធនាគារស្វ័យប្រវត្តិ ២៤/៧ រួមជាមួយបរិក្ខារទំនើបៗជាច្រើនទៀត។

លើសពីនេះទៅទៀត ធនាគារស្ថាបនា ផ្តល់ជូនអតិថិជនដែលជាម្ចាស់អាជីវកម្ម ម្ចាស់សហគ្រាសធនតូច និងមធ្យម នូវសេវាកម្មទូទាត់ប្រកបដោយសុវត្ថិភាព ទំនុកចិត្តខ្ពស់ និងភាពច្នៃប្រឌិត ដែលអនុញ្ញាតឲ្យ ម្ចាស់អាជីវកម្មទាំងអស់ ពង្រីកអាជីវកម្ម និងគ្រប់គ្រងប្រតិបត្តិការរបស់ពួកគាត់ ប្រកបដោយប្រសិទ្ធភាព។ សាខាថ្មីនេះ ក៏មានបុគ្គលិកបម្រើសេវាកម្ម អតិថិជនសម្រាប់ ជួយសម្រួលដល់អតិថិជនជនជាតិចិនផងដែរ៕