(បរទេស)៖ នៅក្នុងត្រីមាសទី១នៃឆ្នាំ ២០២៤នេះ របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Samsung បានវ៉ាដាច់ Apple និងបានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក ជាមួយនឹងចំណែកទីផ្សារ ២០ភាគរយ ធៀបនឹង Apple ទទួលបាន ១៧ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider។

យោងតាមរបាយការណ៍ចុងក្រោយរបស់ Mobile Market Monitor បានឱ្យដឹងថា Samsung បានកាន់កាប់តំណែងនាំមុខគេជាមួយនឹងចំណែកទីផ្សារសកល ២០ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤ ខណៈពេលដែល Apple ឈរនៅលំដាប់ទីពីរជាមួយនឹងចំណែក ១៧ភាគរយ។ ដោយឡែកសម្រាប់តំណែងបន្តបន្ទាប់គឺបានទៅលើ ក្រុមហ៊ុន Xiaomi ខ្ទង់ ១៤ភាគរយ, Oppo ខ្ទង់ ៨ភាគរយ, Vivo ខ្ទង់ ៧ភាគរយ, Honor ខ្ទង់ ៦ភាគរយ និងក្រុមហ៊ុនផ្សេងៗសរុបបានកើន ៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងគិតជាចំនួនលក់សរុបបាន ២៩៦.៩លានគ្រឿង។

ចំពោះមូលហេតុនៃការធ្លាក់ចុះរបស់ Apple បានកើតឡើងបន្ទាប់ពីរយៈពេលនៃការផ្សព្វផ្សាយការលក់ក្នុងអំឡុងរដូវកាលទិញទំនិញនាថ្ងៃឈប់សម្រាក ដែលជាតួយ៉ាងសម្រាប់ក្រុមហ៊ុន។ ដោយឡែកសម្រាប់ Samsung វិញការលក់ខ្លាំង គឺបានមកពី Galaxy S24 និងកំណើននៅក្នុងប្រទេសចិន។

បើទោះបីជាមានការលក់ធ្លាក់ចុះក៏ពិតមែន Apple នៅតែបន្តនាំមុខគេក្នុងទីផ្សារអាមេរិកខាងជើងជាមួយនឹងចំណែក ៥២ភាគរយ នឹងជាក្រុមហ៊ុនឈានមុខគេលើតម្លៃលក់ជាមធ្យមក្នុងមួយឧបករណ៍ ដោយសារការលក់ខ្លាំងនៃម៉ូដែល Pro។ ការលក់ iPhone 15 Pro Max ក៏បង្ហាញពីសក្ដានុពលវិជ្ជមានផងដែរ ដោយឈរនៅលំដាប់ទីមួយក្នុងចំណោមម៉ូដែលផ្សេងទៀតនៅលើទីផ្សារពិភពលោក៕