(ភ្នំពេញ)៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន បានធ្វើដំណើរទៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស ចូលរួមកម្មវិធីទទួលពានរង្វាន់ Monde Selection ប្រចាំឆ្នាំ២០២៤ ដើម្បីទទួលមេដាយមាសចំនួន ៧ និងពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ ដែលផលិតផលរបស់វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានពីស្ថាប័នដែលត្រូវគេទទួលស្គាល់និងផ្តល់តម្លៃមួយនេះ។  

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចែករំលែកភាពរីករាយជាមួយអតិថិជន និងប្រជាជនខ្មែរយើងទាំងអស់គ្នា ដែលនេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា «នេះជាសក្ខីកម្មបង្ហាញពីភាពជោគជ័យដ៏ធំធេង ដែលកើតចេញពីការប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែកនៅ វឌ្ឍនៈ ប្រ៊ូវើរី ដែលផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ ទទួលស្គាល់តាមស្តង់ដារអន្តរជាតិសម្រាប់អតិថិជន។ ពួកយើងសូមចែករំលែកភាពរីករាយ ភាពជោគជ័យក្នុងឆ្នាំថ្មី  ជាមួយអតិថិជន និងប្រជាជនខ្មែរទាំងអស់ ដែលសមិទ្ធផលនេះឆ្លុះបញ្ចាំងឲ្យឃើញថា យើងពិតជាធ្វើបាន ដោយយើងបាននាំយកផលិតផលកូនខ្មែរទៅប្រកួតនៅលើឆាកអន្តរជាតិ»

លោកបន្តថា «គ្រប់គ្នានៅ វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអតិថិជន ដៃគូសហការអាជីវកម្មរបស់យើង តែងតែដក់ជាប់ជានិច្ចនូវទស្សនៈជោគជ័យរួមគ្នា ឆ្ពោះទៅមុខទាំងអស់គ្នា និងបំផុសស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរធ្វើបាន រហូតយើងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចថ្ងៃនេះ។ ពួកយើងក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអតិថិជននៅទូទាំងប្រទេសដែលជឿជាក់លើផលិតផលផល និងចូលរួមគាំទ្រគ្រប់បេសកកម្មរបស់យើង។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តឆន្ទៈដ៏មុតមាំទាំងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងការលើកស្ទួយកិត្តិយសកេរ្តិ៍ ឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ»

ត្រឹមរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលចំនួន ១៥ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ , ស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ, ស្រាបៀរគ្រុឌ, ស្រាបៀរ គ្រុឌឡៃ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ស្រាបៀរដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈកីឡា វី-អាកទីវក្រហម, ភេសជ្ជៈកីឡា វី-អាកទីវបៃតង, ភេសជ្ជៈ វី-អាកទីវក្រហម និង ភេសជ្ជៈ វី-អាកទីវបៃតង។ ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី ទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជនគ្រប់ទិសទី ដែលទទួលបានមេដាយមាសសរុបចំនួន ២១ ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection និង World Beer Award ព្រមទាំងបន្តឈ្នះពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ទន្ទឹមនឹងរង់ចាំទទួលលទ្ធផលអំពីពានរង្វាន់មេដាយចំនួន៥ផ្សេងទៀតនាពេលឆាប់ៗខាងមុខនេះ។

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា៕