(បរទេស)៖ យោងតាមរបាយការណ៍ចេញផ្សាយដោយ The Elec បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានផ្តល់ភ្លើងខៀវឲ្យក្រុមហ៊ុន Samsung Dislay និង LG Display ដែលជាដៃគូសហការរបស់ខ្លួន ក្នុងការចាប់ផ្តើមផលិតអេក្រង់ iPhone 16 Pro ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Mac Rumors។

ជាក់ស្តែងក្រុមហ៊ុនផ្គត់ផ្គង់ទាំងពីរ គឺ Samsung Dislay និង LG Display បានទទួលការយល់ព្រមកាលពីដើមខែនេះ ដោយត្រួសត្រាយផ្លូវសម្រាប់ការចាប់ផ្តើមការផលិតអេក្រង់ដ៏ធំសម្រាប់ម៉ូដែល iPhone 16 Pro។ ខណៈពេលដែល Samsung Display នឹងផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone 16 ទាំងបួនម៉ូដែល និង LG Display នឹងផ្គត់ផ្គង់អេក្រង់សម្រាប់ម៉ូដែល Pro តែប៉ុណ្ណោះ។ លើសពីនេះទៀត ក្រុមហ៊ុន BOE ត្រូវបានគេរំពឹងថា នឹងជួយផ្គត់ផ្គង់អេក្រង់ OLED សម្រាប់ iPhone 16 និង iPhone 16 Plus ។

ការអភិវឌ្ឍនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន LG បានធ្វើការងារច្រើន និងបានខិតខំនៅក្នុងការបំពេញទៅតាមកាលបរិច្ឆេទ ដែលជាការគ្រោងទុករបស់ក្រុមហ៊ុន Apple ក្នុងការផលិត ដោយមិនខុសគ្នាដូចមុនទេ។ គេនៅចាំបានថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន LG Display ទទួលបាននូវការអនុម័តទៅលើស្មាតហ្វូន iPhone 15 Pro OLED ជាច្រើនខែ បន្ទាប់ពីក្រុមហ៊ុន Samsung Display ធ្វើការបង្កើនទៅលើចំនែកទីផ្សាររបស់ខ្លួន និងការធានាទៅលើតម្លៃខ្ពស់ទៀតនោះ។

គួរជម្រាបថា ក្រុមហ៊ុន Samsung Display ត្រូវគេរំពឹងថា នឹងឆ្លងកាត់នូវការអនុម័តសម្រាប់ការផលិតអេក្រង់ OLED របស់ស្មាតហ្វូន iPhone 16 Pro Max នៅត្រឹមចុងខែនេះ ជាមួយនឹងក្រុមហ៊ុន LG Display គឺមានកាលបរិច្ឆេទនៅពាក់កណ្តាលខែមិថុនានេះ៕