(ឡុងដ៍)៖ ក្រុមបិសាចក្រហម Manchester United នឹងពើបប្រទះគូប្រជែង Manchester City ក្នុងការប្រជែងជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup 2023-2024 នាម៉ោង ៩៖០០នាទីយប់ថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា)។ នេះយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ជំនួប Derby រវាងក្រុមដែលស្ថិតក្នុងទីក្រុង Manchester តែមួយនេះដែរ នឹងធ្វើឡើងក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley និងជា ១ប្រកួតចុងក្រោយ ដើម្បីបិទរដូវកាលនេះដ៏ពេញលេញទៀតផង ដ្បិតពាន League Cup និង Premier League ត្រូវបានរកឃើញជើងឯករួចរាល់ហើយ។

Man Utd ស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag ដែលដាច់ ៣១ពិន្ទុពីក្រុមជើងឯក Premier League គឺមេឃខៀវ Man City នោះ ត្រូវតែឈ្នះជើងឯក FA Cup រដូវកាលនេះ ដើម្បីមានឱកាសលេងពានអឺរ៉ុបរដូវកាលក្រោយ ដ្បិតបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងលីគ នៅក្រៅតំបន់កៅអីលេងពានអឺរ៉ុប ស្របពេល City កំពុងខិតខំការពារពាននេះជាបន្ត។

នេះគឺជាលើកដំបូងផងដែរក្នុងប្រវត្តិសាស្រ្តពាន FA Cup គិតចាប់តាំងពីឆ្នាំ១៨៨៥ មក ដែលផ្តាច់ព្រ័ត្រត្រូវបានធ្វើឡើងរវាងក្រុមដែលស្ថិតក្នុងទីតាំងតែមួយ ក្នុងចំណោម ២រដូវកាលជាប់ៗគ្នា បន្ទាប់ពីរដូវកាលមុន City បានយកឈ្នះ United ២-១ ក្នុងសម័យកាលដែលពួកគេឈ្នះពានដល់ទៅ៣ ក្នុង ១រដូវកាលទៀតផងរួមមាន FA Cup, Premier League និងពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League៕