(ប៊ែរឡាំង)៖ ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានជាសះស្បើយពីរបួសខ្នង ហើយកំពុងទន្ទឹងរង់ចាំប្រកួតក្នុងព្រឹត្តិការណ៍ European Championship ដែលនឹងមកដល់នាពេលខាងមុខ។ នេះបើយោងតាមសម្តីអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស Gareth Southgate ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធ Bayern Munich រូបនេះ បានខកខានការប្រកួត ២លើកចុងក្រោយរបស់ក្លិប ក្នុងលីគ Bundesliga ដោយសារមានរបួសខ្នង ដែលបានកើតឡើង ចាប់តាំងពីមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League របស់ពួកគេចាញ់ Real Madrid កាលពី ២សប្តាហ៍មុន។

​អ្នកចាត់ការ Southgate បានដាក់បញ្ចូលខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ ចូលក្នុងក្រុមបណ្តោះអាសន្នរបស់លោកសម្រាប់ព្រឹត្តិការណ៍ European Championship ដែលនឹងលេងចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខ។

Kane រកបាន៤៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៥លើក ក្នុងការប្រកួតទាំងអស់នារដូវកាលដំបូងរបស់លោក នៅឯក្លិបអាល្លឺម៉ង់ ក្នុងនោះរួមទាំងការរកបាន Hat-tricks ៤លើកក្នុងលីគ Bundesliga ផងដែរ។

​សូមជម្រាបថា អង់គ្លេសនឹងប្រកួតមិត្តភាព ២លើក ទល់នឹងក្រុមបូស្នៀនៅថ្ងៃទី០៣ ខែមិថុនា នៅកីឡដ្ឋាន St. James' Park និងក្រុមអ៊ីស្លង់ នៅថ្ងៃទី០៧ ខែមិថុនា នៅកីឡដ្ឋាន Wembley មុនពេលចាប់ផ្តើមយុទ្ធនាការ Euro ដែលពួកគេស្ថិតក្នុងពូលជាមួយស៊ែប៊ី, ដាណឺម៉ាក និងស្លូវេនី៕