(រ៉ូម)៖ លោក Claudio Ranieri នឹងចាកចេញពីតួនាទីរបស់លោក ជាគ្រូបង្វឹកក្លិប Cagliari ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក។ នេះបើតាមការប្រកាសពីក្លិបលេងនៅលីគកំពូលអ៊ីតាលី Serie A ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយថា បុរសវ័យ ៧២ឆ្នាំរូបនេះ គ្រោងនឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពី Cagliari បានធានាកៅអី ១រដូវកាលទៀត ក្នុងលីគកំពូលអ៊ីតាលី បន្ទាប់ពីការប្រកួតក្រៅទឹកដីឈ្នះ Sassuolo កាលពីថ្ងៃអាទិត្យ។

សារព័ត៌មាន Sky Sports Italia បានឱ្យដឹងថា Cagliari នឹងក្លាយជាក្លិបចុងក្រោយដែលលោក Ranieri ដឹកនាំ ដោយសារលោកបានសម្រេចចិត្ត នឹងចូលនិវត្តន៍ពីវិស័យបាល់ទាត់នេះហើយ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី ដែលធ្លាប់បានដឹកនាំ Cagliari ក្នុងឆ្នាំ១៩៨៨ ផងនោះ នៅសល់រយៈពេល ១ឆ្នាំទៀតលើកិច្ចសន្យារបស់លោក បន្ទាប់ពីចូលរួមជាមួយក្លិបកាលពីរដូវកាលមុន និងបានដឹកនាំក្លិបចាកចេញពីលីគ Serie B ឡើងមកលេងនៅលីគកំពូលវិញ។

​លោក Ranieri នឹងធ្វើជាគ្រូបង្វឹកក្លិប Cagliari ជាលើកចុងក្រោយនៅថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Fiorentina ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនារដូវកាលនេះ៕