(ឡុងដ៍)៖ តោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Palmeiras ដើម្បីទិញកីឡាករយុវជន Estevao Willian របស់ប្រេស៊ីល ក្នុងតម្លៃខ្លួនប្រមាណ ២៩លានផោន។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នេះជាតម្លៃផ្ទេរដ៏ខ្ពស់បំផុតមួយ ក្នុងចំណោមកីឡាករវ័យក្មេងរបស់ប្រេស៊ីល ដ្បិតខ្សែការពារស្លាប វ័យទើបតែ ១៧ឆ្នាំ Estevao ទើបតែបានចូលលេងក្នុងក្រុមធំ Palmeiras នាអំឡុងខែធ្នូ ឆ្នាំ២០២៣ ទេ។

មួយវិញទៀត នេះក៏ជាការបោះជំហានដ៏ធំមួយទៀតរបស់ Chelsea តាមរយៈបន្តយុទ្ធសាស្រ្តក្នុងការនាំយកកីឡាករ វ័យក្មេងប្រកបដោយទេពកោសល្យលើលោក មកលេងនៅកីឡដ្ឋាន Stamford Bridge។ ថ្មីៗនេះដែរ ពួកគេក៏បានផ្តោតតែទៅលើកីឡាករវ័យក្មេងនៅតំបន់អាមេរិកឡាទីន និងទិញបានយុវជន Andrey Santos, Deivid Washington, Angelo និងខ្សែប្រយុទ្ធ Kendry Paez ថែមទៀតផង ដែលនឹងមកចូលរួមផ្លូវការនៅឆ្នាំ២០២៥ ខាងមុខ។

បន្ថែមលើនេះ Chelsea ក៏បានយកលោក Sam Jewell មកធ្វើជានាយកទិញ-ដូរកីឡាករពីក្លិប Brighton មកហើយដែរ ដែលមានទេពកោសល្យខាងទីផ្សារ ជាពិសេសនៅអាមេរិកខាងត្បូងជាដើម៕