(បរទេស)៖ ឆាប់ៗនេះ Apple នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងនៅលើ iPhone និង iPad អាចគ្រប់គ្រងឧបករណ៍បាន ដោយគ្រាន់តែក្រឡេកភ្នែកប៉ុណ្ណោះ។ មុខងារថ្មីនេះ ដំណើរការដោយបញ្ញាសិប្បនិម្មិត្ត AI ដែលមានឈ្មោះថា Eye Tracking នឹងត្រូវបានរចនាឡើងសម្រាប់ជនពិការរាងកាយជាពិសេស។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

របាយការណ៍បានឱ្យដឹងថា មុខងារ Eye Tracking នេះត្រូវបានភ្ជាប់ជាមួយនឹងកាមេរ៉ាមុខដើម្បីដំឡើង និងសម្គាល់ផ្ទៃមុខ ក្នុងនោះ Apple បានគូសបញ្ជាក់ថា វានឹងមិនអាចចូលប្រើដោយជនណាម្នាក់ផ្សេង ឬអាចចែករំលែកទិន្នន័យអ្នកប្រើប្រាស់បាននោះទេ។ ចំពោះវិធីប្រើប្រាស់វិញ គឺតម្រូវឱ្យចូលប្រើ Dwell Control ដែលត្រូវបានហ្វឹកហាត់ជាពិសេសសម្រាប់ការតាមដានភ្នែក។ ជាងនេះទៅទៀតអ្នកប្រើប្រាស់ក៏អាចចុចទៅលើប៊ូតុង និង Scroll ឡើងលើចុះក្រោម ឬកាយវិកាផ្សេងទៀតបានដោយការក្រឡេកភ្នែកផងដែរ។

នាយកប្រតិបត្តិ (CEO) លោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អស់រយៈពេលជិត ៤០ឆ្នាំមកនេះ Apple បានឈ្នះលើការរចនាជាច្រើនដោយបានរួមបញ្ចូលតាមរយៈ Hardware និង Software របស់យើង»។ ប៉ុន្តែតាមរយៈមុខងារ Eye Tracking ថ្មីនេះ នឹងត្រូវបានដាក់បញ្ចូលទៅក្នុង iOS និង iPadOS ដោយមិនចាំបាច់ពឹងផ្អែកលើ Hardware ទៀតនោះទេ។

គួជម្រាបថា មុខងារថ្មីសម្រាប់ជនពិការនេះ នឹងមាននៅលើ iOS 18 និង iPadOS 18 ដែលនឹងមកដល់នៅចុងឆ្នាំនេះ។ ដោយឡែកផ្អែកតាមរបាយការណ៍ នៅមានមុខងារផ្សេងទៀត ដែលត្រៀមនឹងដាក់បង្ហាញរួមមាន មុខងារ Music Haptics ដែលជាបទពិសោធន៍តន្រ្តីថ្មីសម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហាថ្លង់ ឬពិបាកស្តាប់ អាចធ្វើការប៉ះតាមរយៈរំញ័រ ដែលមានរួមបញ្ចូលតន្រ្តី និងអាចឱ្យពួកគេយល់ដឹងពីអត្ថន័យដូចទៅនឹងអ្នកប្រើប្រាស់ទូទៅ៕