(ភ្នំពេញ)៖ លោក George TAN នាយកបច្ចេកទេសអន្ដរជាតិ មកពីប្រទេសម៉ាឡេស៊ី បានសម្ដែងការភ្ញាក់ផ្អើល ចំពោះការត្រៀមខ្លួនបានយ៉ាងល្អរបស់កម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា (Cambodia Open Para Bowling Championship) លើកដំបូងនាថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

ការស្ងើចសរសើរនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមការងារជំនាញ ដែលសម្របសម្រួលដោយលោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធកីឡាប៊ូលីងកម្ពុជា ចុះពិនិត្យមើលបច្ចេកទេសទីលានប្រកួត ក៏ដូចជាតាមដានការហ្វឹកហាត់របស់អត្តពលិកជនមានពិការភាពរបស់កម្ពុជា ដែលត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតលក្ខណៈអន្ដរជាតិនាខែក្រោយ ដែលមានអត្តពលិកយ៉ាងហោច ១០ប្រទេសចូលរួម។

លោក ឆាយ កៀក បានបន្តថា នេះជាលើកទី៣ ហើយ ដែលអ្នកជំនាញអន្ដរជាតិខាងលើ បានចុះពិនិត្យបច្ចេកទេសទីលាន ក៏ដូចជាការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីកម្ពុជា ហើយលោកមានការភ្ញាក់ផ្អើលជាខ្លាំង ដែលត្រឹមរយៈពេលខ្លីប្រមាណ ២ខែ កម្ពុជាត្រៀមខ្លួនបានយ៉ាងល្អ ពិសេសការពង្រឹងសមត្ថភាព និងបច្ចេកទេសអត្តពលិកជនមានពិការភាពកម្ពុជា ដែលមានការអភិវឌ្ឍ និងរីកចម្រើនគួរឲ្យកត់សម្គាល់។

លោកថា «គាត់ (លោកGeorge TAN) បានទស្សនាអំពីការអភិវឌ្ឍកីឡាករ-កីឡាការិនី ហើយគាត់មានការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើនត្រឹមរយៈពេលខ្លី ទោះបីកីឡាករ-កីឡាការិនីកម្ពុជា ចាប់ផ្ដើមពីចំណុចសូន្យ អត់ចេះអ្វីសោះ តែ ២ខែ ពួកគេបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស»។ លោកបង្ហាញសុទិដ្ឋិនិយមថា បើសិនពួកគេហ្វឹកហាត់បានគ្រប់គ្រាន់ថែមទៀត នោះបច្ចេកទេសនឹងកាន់តែរីកចម្រើនលឿន និងល្អប្រសើរថែមទៀត។

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា បច្ចុប្បន្នគណៈកម្មការរៀបចំបានទទួលការចុះឈ្មោះចូលរួមចំនួន ១០ប្រទេសហើយ រួមមានសាធារណរដ្ឋកូរ៉េ, ជប៉ុន, សាធារណរដ្ឋឆេក, ហ្វីលីពីន, ថៃ, ហុងកុង, ឥណ្ឌា, ម៉ាឡេស៊ី និងម្ចាស់ផ្ទះកម្ពុជា។ ចំពោះអត្តពលិកកម្ពុជា សហព័ន្ធកំពុងខិតខំជំរុញ និងពង្រឹងការហ្វឹកហាត់ ដើម្បីសម្រាំងយកកីឡាករ-កីឡាការិនីឆ្នើម ១០នាក់ ក្នុងចំណោម ២០នាក់ ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជានាពេលខាងមុខ៕