(បាងកក)៖ ប្រទេសប្រេស៊ីល ត្រូវបានបោះឆ្នោត ដើម្បីធ្វើម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup នៅឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ប្រេស៊ីលបានក្លាយជាប្រទេសស្ថិតនៅតំបន់អាមេរិកឡាទីន (ខាងត្បូង) ដំបូងគេ ក្នុងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ដ្បិតធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ផ្នែកបុរស ២លើករួចមកពោលគឺក្នុងឆ្នាំ១៩៥០ និងឆ្នាំ២០១៤។

គួរបញ្ជាក់ផងថា ក្នុងការបោះឆ្នោតជុំក្រោយនេះដែរ ត្រូវបានធ្វើឡើងក្នុងសមាជនាទីក្រុងបាងកក នាប្រទេសថៃនាថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ ប្រេស៊ីលបានយកឈ្នះគូប្រជែងសហម្ចាស់ផ្ទះប៊ែលហ្សិក ហូឡង់ និងអាល្លឺម៉ង់។

ក្រោយពីប្រកាសលទ្ធផលផ្លូវការ លោក Gianni Infantino បានថ្លែងថា «សូមចូលរួមអបអរសាទរផងចំពោះប្រេស៊ីល។ យើងនឹងមាន World Cup ដ៏អស្ចារ្យបំផុតនៅប្រេស៊ីល។ សូមអរគុណច្រើនផងដែរចំពោះ BNG ដែលជាគូប្រជែងរបស់ប្រេស៊ីល»