(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនកំពុងស្នើឱ្យបុគ្គលិកមួយចំនួនដែលមានមូលដ្ឋាននៅប្រទេសចិន ពិចារណាលើការផ្ទេរទីតាំងទៅក្រៅប្រទេស ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកមានភាពតាំងតឹងកាន់តែខ្លាំងឡើងចំពេលការប្រកួតប្រជែងសម្រាប់បច្ចេកវិទ្យាទំនើប។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងព្យាយាមកំណត់ការចូលប្រើប្រាស់របស់ទីក្រុងប៉េកាំងចំពោះបន្ទះឈីបកម្រិតខ្ពស់ដែលប្រើក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត AI ដោយហេតុផលថា ពួកគេអាចត្រូវបានប្រើដើម្បីពង្រឹងយោធារបស់ខ្លួន ដែលបង្កឱ្យមានភាពតានតឹង នឹងបានដាក់សម្ពាធលើក្រុមហ៊ុនអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។

យោងតាមរបាយការណ៍ពី Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុន Microsoft កំពុងស្នើបុគ្គលិកប្រហែល ៧០០ ទៅ ៨០០នាក់ ដែលធ្វើការផ្នែក machine learning និងការងារទាក់ទងនឹង Cloud computing ផ្សេងទៀត ក្នុងការពិចារណាលើការផ្លាស់ប្តូរទីតាំងនេះ។ ប្រភពដដែលបានបន្ថែមទៀតថា បុគ្គលិកដែលភាគច្រើនជាវិស្វករដែលមានសញ្ជាតិចិនកាលពីដើមសប្តាហ៍នេះ ត្រូវបានផ្តល់ជម្រើសក្នុងការផ្ទេទៅសហរដ្ឋអាមេរិក អៀឡង់ អូស្រ្តាលី និងនូវ៉ែលសេឡង់ ជាដើម។

យ៉ាងណាមិញ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមហ៊ុន Microsoft បានបង្ហាញថា ឱកាសផ្លាស់ប្តូរទីតាំងធ្វើការនេះ ត្រូវបានធ្វើឡើងជាលក្ខណៈផ្ទៃក្នុង នឹងមិនមានសម្រាប់បុគ្គលិកនៅប្រទេសចិនទាំងអស់នោះទេ។ ដូច្នេះចំពោះបុគ្គលិកដែលទទួលបានឱកាសនេះ ក្រុមហ៊ុននឹងធ្វើការទាក់ទងទៅ ខណៈដែលបុគ្គលិកផ្សេងទៀតមិនត្រូវបានបញ្ជាក់នោះទេ។

គួរជម្រាបថា ការផ្លាស់ប្តូរនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានដំឡើងពន្ធលើការនាំចូលជាច្រើនរបស់ចិន រួមទាំងអាគុយរថយន្តអគ្គិសនី បន្ទះឈីប និងផលិតផលវេជ្ជសាស្រ្ត។ បើទោះបីជាដូច្នេះ ក្រុមហ៊ុនហ៊ុន Microsoft នៅតែប្តេជ្ញាចិត្តចំពោះប្រទេសចិន ហើយនឹងបន្តប្រតិបត្តិការនៅទីនោះ និងទីផ្សារផ្សេងៗទៀត៕