(បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ត្រៀមបង្កើតក្រុមការងារស្រាវជ្រាវមួយ ដើម្បីធ្វើយ៉ាងណាឱ្យមានការប្រកួតធំៗច្រើនឡើងនៅបរទេស។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
នៅក្នុងកិច្ចព្រមព្រៀងមួយរវាង FIFA និងដៃគូផ្សព្វផ្សាយ Relevant Sports នៅសហរដ្ឋអាមេរិក គឺស្ថិតក្នុងគោលដៅ ដើម្បីឱ្យមានការប្រកួតលីគអាជីព ធ្វើឡើងនៅក្រៅប្រទេសផងដែរ ដ្បិតកន្លងមក Premier League ពុំដែលមានគម្រោងនេះទេ ស្របពេល La Liga របស់អេស្ប៉ាញមានគម្រោងរួចទៅហើយ ពោលគឺចាប់ពីរដូវកាលឆ្នាំ២០២៥-២០២៦ តទៅ។
La Liga មានផែនការរៀបចំការប្រកួតនៅបរទេស ក្រៅពីប្រទេសអេស្ប៉ាញ ក្រោយពេលជំនួបនៅក្រៅប្រទេសរវាង FC Barcelona និង Girona ត្រូវបានលុបចោលកាលពីឆ្នាំ២០១៩។
តែយ៉ាងណាកន្លងមក FIFA ក៏ធ្លាប់ប្រឆាំងទៅនឹងផែនការរៀបចំការប្រកួតនៅបរទេសនេះដែរ ក្រោមហេតុផលមានការ ចំណាយច្រើន ដ្បិតប្រធានបទនេះ ក៏ត្រូវលើកយកមកពិភាក្សាគ្នាក្នុងសមាជិកប្រចាំឆ្នាំរបស់ FIFA ដែលនឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី១៧ ខែឧសភាដែរ។
Relevant Sports ធ្លាប់បានផ្តល់គំនិតក្នុងការរៀបចំប្រកួតនានានៅអាមេរិកជាច្រើនមកហើយដែរ រួមទាំងការប្រកួត ត្រៀមបើករដូវកាលថ្មី តាមរយៈលេងពាន International Champions Cup និងបានព្យាយាមយកការប្រកួតលីគកំពូលរបស់ប្រទេសអេក្វាទ័រមកប្រកួតនៅអាមេរិកក្នុងឆ្នាំ២០១៩ ដែលត្រូវបានរាំងខ្ទប់ដោយ FIFA។
កាលពីរដូវក្តៅមុន ក្រុមមកពីលីគកំពូល Premier League បានមកប្រកួតគ្នានៅអាមេរិក ដើម្បីកំដៅសាច់ដុំ មុនពេលបើករដូវកាលថ្មីដោយមានទាំងក្លិបតោខៀវ Chelsea, Newcastle, Aston Villa, Brighton, Fulham និង Brentford ទៀតផង៕