(ភ្នំពេញ)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅសល់រយៈពេល ១ខែគត់ នៃទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី១២ ដែលនឹងប្រារព្ធឡើងនាមុខព្រះបរមរាជវាំង នាព្រឹកព្រលឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ខណៈបច្ចុប្បន្នមានអត្តពលិកជាង ៣,៦០០នាក់ ក្នុងនោះមានរហូតដល់ ៦៤សញ្ជាតិផ្សេងគ្នា ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី១៥ ខែឧសភាថា ក្រោយធានាបាននូវសុវត្ថិភាពពីជំងឺរាតត្បាតកូវីដ-១៩ ១០០% ឆ្នាំនេះ ចំនួនអ្នកចុះឈ្មោះរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុង មានកំណើនគួរឲ្យចាប់អារម្មណ៍ ពិសេសប្រជាពលរដ្ឋខ្មែរ ដែលក្នុងចំណោមចំនួនសរុបបណ្ដោះអាសន្ន មានពលរដ្ឋខ្មែរជាង ៣ពាន់នាក់ ខណៈបរទេសជាង ៦០០នាក់ ភាគច្រើនជាបរទេសបំពេញការងារក្នុងស្រុក មកពី ៦៤សញ្ជាតិផ្សេងគ្នា។ ប៉ុន្ដែនៅសល់ពេលចុះឈ្មោះ ១ខែទៀត លោកសង្ឃឹមថា ទម្រាំដល់ថ្ងៃរត់ នឹងមានអ្នកចូលរួមលើសពី ៤ពាន់នាក់។
លោកបន្ដថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិនេះ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗជាច្រើន ជាពិសេសអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏ដូចជាចូលរួមផ្សព្វផ្សាយក្រុងភ្នំពេញ ដូចព្រឹត្តិការណ៍ម៉ារ៉ាតុងធំៗលើពិភពលោក។ ម្យ៉ាងក៏ដើម្បីចូលរួមការងារសប្បុរសធម៌ផងដែរ ដ្បិតថវិកាទទួលបានពីការរៀបចំព្រឹត្តិការណ៍នេះ NOCC នឹងរៀបចំបរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា ក្រោយបញ្ចប់កម្មវិធីរៀងរាល់ឆ្នាំ។
លោក សែម ផល្លា នាយកបច្ចេកទេសព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះមាន ៤វិញ្ញាសា រួមមានវិញ្ញាសារត់ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ២គីឡូម៉ែត្រ។ សម្រាប់វិញ្ញាសារត់ ២១គីឡូម៉ែត្រ នឹងត្រូវបាញ់កាំភ្លើងបញ្ជាចេញដំណើរខ្ទង់ម៉ោង ៥៖១០នាទីព្រឹក ដើម្បីសម្រួលដល់អ្នករត់ កំឡុងអាកាសធាតុក្ដៅ។ ដូច្នេះលោកបានអំពាវនាវឲ្យអត្តពលិកទាំងអស់ រួសរាន់ចុះឈ្មោះ និងទៅដល់ទីតាំងរត់មុខព្រះបរមរាជវាំងឲ្យបានទាន់ពេលវេលា ដើម្បីជំរុញឲ្យការរៀបចំកាន់តែរលូន និងទទួលបានជោគជ័យបន្ថែមទៀត៕