(ក្រុងឡុងដ៍)៖ បណ្តាក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League នឹងចូលរួមបោះឆ្នោតថាតើគួរលុបចោលប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (Video Assistant Referees) ឬក៏យ៉ាងណា ក្នុងសម័យប្រជុំពេញអង្គនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

នៅចាំបានថា VAR ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុង Premier League នៃការចាប់ផ្តើមរដូវកាលឆ្នាំ២០១៩-២០២០ រហូតដល់បច្ចុប្បន្ន ដោយបានបន្សល់ទុកនូវភាពចម្រូងចម្រាស់ដ៏ច្រើនទៀងផង។

ជាមួយគ្នានោះ ក្លិប Wolves ក៏បានដាក់សំណើដើម្បីរកដំណោះស្រាយនៅ Premier League ក្នុងចំណោមសមាជិកទាំង ២០ក្លិប ដែលត្រៀមជួបប្រជុំគ្នានៅ Harrogate នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមចចកមួយនេះបានចាត់ទុក VAR ថា «ជាចលករដ៏ស្មោះត្រង់មួយ ក៏ប៉ុន្តែវាបានបង្កើតផលអវិជ្ជមានជាច្រើនផងដែរ ដែលបានបំផ្លាញដល់ទំនាក់ទំនងរវាងអ្នកគាំទ្រ និងបាល់ទាត់ជាខ្លាំង»

កន្លងមក Premier League ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ពីកង្វល់ចំពោះ VAR ផងដែរ ក៏ប៉ុន្តែនៅតែមានជំហរក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះដដែលជាមួយអាជ្ញាកណ្តាល។ ក្យួនច្បាប់ធំៗ ២-៣ចំណុចត្រូវបានកែប្រែ ដែលមាន ១៤ក្លិប ក្នុងចំណោម ២០ក្លិបក៏បានប្រកាសគាំទ្ររួចរាល់ដែរ៕