(លីវើភូល)៖ ជំនួយការអ្នកចាត់ការក្លិប Liverpool លោក Pepijn Lijnders ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្លិប Red Bull Salzburg។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

បុរសវ័យ ៤១ឆ្នាំ ដែលបានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ២០១៤ រូបនេះ នឹងទៅដឹកនាំក្លិបអូទ្រីសនៅរដូវក្តៅនេះ លើកិច្ចសន្យា ៣ឆ្នាំ។

លោក Lijnders បានសម្រេចចិត្តចាកចេញពីក្លិប Liverpool បន្ទាប់ពីការសម្រេចចិត្តចុះចេញពីតំណែងរបស់លោក Jurgen Klopp។

បុរសសញ្ជាតិហូឡង់ ធ្លាប់បានចាកចេញពីក្លិប Liverpool ម្តងរួចទៅហើយ ដើម្បីបំពេញតួនាទីរយៈពេលខ្លី ជាអ្នកចាត់ការក្លិបហូឡង់ NEC Nijmegen ប៉ុន្តែ ៧ខែក្រោយមក បានវិលត្រឡប់មកវិញ ដើម្បីបំពេញការងារនៅក្លិប Liverpool ក្នុងតួនាទីដដែល។

ជាមួយគ្នានោះ គ្រូបង្វឹកផ្នែកអភិវឌ្ឍន៍របស់ក្លិប Liverpool លោក Vitor Matos នឹងចូលរួមជាមួយលោក Lijnders នៅក្លិបលេងនៅលីគកំពូលអូទ្រីស ក្នុងនាមជាជំនួយការ៕