(ភ្នំពេញ)៖ វិស័យមូលបត្រនៅកម្ពុជា ទទួលបានការចូលរួមយ៉ាងសម្បើម ពីព្រោះក្រុមហ៊ុនមូលបត្រ ភីភី លីង និងក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគីកណ្ដាលរបស់ខ្លួន ក្នុងនោះក្រុមហ៊ុនទាំងពីរបានសហការគ្នា រៀបចំសិក្ខាសាលាជួបជុំមួយ អនុញ្ញាតឱ្យវិនិយោគិនបរទេសជាច្រើនរូប បានស្វែងយល់ និងទទួលយកឱកាសវិនិយោគនៅកម្ពុជា។

កម្មវិធីនេះរៀបចំឡើងដោយមានការចូលរួមពីលោកបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជានៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ជំនួបវិនិយោគិនបរទេសសក្តានុពល ក្នុងបរិបទវិស័យមូលបត្រនៅកម្ពុជា» និងបានទាក់ទាញភ្ញៀវបរទេសប្រមាណ១៥០នាក់ មកពីប្រទេសចិន សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត។

បន្ថែមពីនេះវត្ដមានថ្នាក់ដឹកនាំចំនួនបីរូប ដែលមានបទពិសោធជាច្រើនឆ្នាំ ក្នុងវិស័យវិនិយោគហិរញ្ញវត្ថុ បានធ្វើបទបង្ហាញពីចំណេះដឹង និងទស្សនៈសំខាន់ៗជុំវិញស្ថានភាពវិនិយោគហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា និងពិភពលោក និងការត្រៀមខ្លួនសម្រាប់ឱកាសនានា ក្នុងនោះវាគ្មិនទី១ គឺលោកបណ្ឌិត Raymond Choi ដែលជាប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ឬ Cambodia Chinese Commerce Association (CCCA) បានទាក់ទាញភ្ញៀវកិត្ដិយស ជាពិសេសភ្ញៀវអន្តរជាតិ ជាមួយការយល់ឃើញយ៉ាងស៊ីជម្រៅអំពីការធ្វើអាជីវកម្មនៅកម្ពុជា ដោយផ្អែកទៅតាមទស្សនៈវិនិយោគិនហុងកុង។

កាន់តែពិសេសជំនាញ និងបទពិសោធរបស់លោកបណ្ឌិត Raymond Choi បានផ្ដល់ចំណេះដឹងយ៉ាងទូលំទូលាយ អំពីទិដ្ឋភាពធុរកិច្ចក្នុងស្រុក និងបរិយាកាសវិនិយោគទូទៅ ក៏ដូចជាបានជួយត្រួសត្រាយផ្លូវ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបន្ថែមនៅក្នុងទីផ្សារកម្ពុជា។

សម្រាប់វាគ្មិនទី២ គឺសាស្រ្តាចារ្យបណ្ឌិត Albert Tan ដែលជាប្រធានគណៈកម្មាធិការម៉ាកយីហោកំពូលអាស៊ីប៉ាស៊ីហ្វិក ឬ Asia Pacific TOP Excellence Brand Committee បានបំភ្លឺអ្នកចូលរួមទាំងអស់ អំពីអនាគតដ៏ជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងមួយទសវត្សរ៍បន្ទាប់។ ទស្សនវិស័យប្រកបដោយគតិបណ្ឌិត និងការវិភាគរបស់សាស្រ្តាចារ្យ ទៅលើគន្លងកំណើនរបស់កម្ពុជា ក្នុងរយៈពេលដប់ឆ្នាំខាងមុខ បានធ្វើឱ្យអ្នកចូលរួមទទួល បានការបំផុសគំនិតថ្មី និងសុទិដ្ឋិនិយមខ្ពស់អំពីលទ្ធភាព និងឱកាសដ៏ច្រើនដែលត្រូវចាប់យកនៅពេលខាងមុខ។

លោក Lawrence Kook អភិបាលគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញនូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តដែលជនបរទេសអាចចាប់យកឱកាសវិនិយោគនៅក្នុងតំបន់អាស៊ាន។ លោក Lawrence Kook បានចែករំលែកគន្លឹះដ៏មានគុណតម្លៃ នៃការចាប់ផ្ដើមវិនិយោគដែលមានលក្ខណៈងាយស្រួល ដែលអាចជួយជំរុញអ្នកចូលរួម ក្នុងការទាញយកអត្ថប្រយោជន៍ពីសក្តានុពលដ៏ធំដែលមាននៅក្នុងទីផ្សារអាស៊ាន។

បន្ទាប់ពីការធ្វើបទបង្ហាញរួច ក្រុមការងារនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានជួយសម្របសម្រួលអ្នកចូលរួមជាតិ និងអន្តរជាតិ ដែលបានចាប់អារម្មណ៍ក្នុងការបើកគណនីជួញដូរ ទាំងគណនីជួញដូរភាគហ៊ុនក្នុងស្រុក និងគណនីជួញដូរឧបករណ៍និស្សន្ទ។ ការបើកគណនីជួញដូរយ៉ាងច្រើនក្នុងកម្មវិធីនេះ នឹងអាចក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញការផ្សព្វផ្សាយទីផ្សារហិរញ្ញវត្ថុ របស់កម្ពុជាទៅក្រៅប្រទេស ហើយជាលទ្ធផល វានឹងជួយបង្កើនទំហំជួញដូរ ក្នុងទីផ្សារវិនិយោគហិរញ្ញវត្ថុ ក៏ដូចជាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

ជារួមព្រឹត្តិការណ៍នេះបានបម្រើជាវេទិកាដ៏សំខាន់មួយ សម្រាប់ទំនាក់ទំនង ការផ្លាស់ប្តូរចំណេះដឹង ការជំរុញកិច្ចសហការរវាងវិនិយោគិនបរទេស និងការគាំទ្រដល់វិស័យមូលបត្រដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ខណៈប្រទេសកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅមុខ ក្នុងនាមជាគោលដៅវិនិយោគសំខាន់ក្នុងតំបន់ ក្រុមហ៊ុនមូលបត្រ ភីភី លីង និងដៃគូសហការរបស់ខ្លួននឹងបន្តប្ដេជ្ញាកៀរគរវិនិយោគិនបរទេស និងបង្កើតកម្មវិធីបែបនេះបន្ថែមទៀត ដើម្បីអនាគតនៃវិស័យមូលបត្ររបស់កម្ពុជា។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍បើកគណនីជួញដូរ ទាំងគណនីភាគហ៊ុនក្នុងស្រុក និងគណនីឧបករណ៍និស្សន្ទ សូមទាក់ទងទៅផ្នែកសេវាអតិថិជនតាមរយៈលេខ ០២៣ ៨៦៦ ៦២២ ឬផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុក PP Link Securities តាមតំណរភ្ជាប់៖ https://www.facebook.com/PPlinksecurities?mibextid=ZbWKwL