(ឡុងដ៍)៖ ខ្សែការពារក្លិបតោខៀវ Chelsea កីឡាករ Reece James អាចនឹងវិលត្រឡប់ចូលកាន់ទីលានវិញ បន្ទាប់ពីការរង់ចាំជាយូរ ក្នុងជំនួបក្រៅទឹកដី ទល់នឹង Nottingham Forest នាថ្ងៃសៅរ៍នេះ មានរយៈពេល ៥ខែបន្ទាប់ពីទទួលការវះកាត់សរសៃពួរ។ នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Mauricio Pochettino ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

James បានបង្ហាញខ្លួន ៨លើកក្នុងលីគនារដូវកាលនេះ ហើយការប្រកួតលើកចុងក្រោយរបស់លោក គឺកាលពីថ្ងៃទី១០ ខែធ្នូពេលប៉ះស្ករគ្រាប់ Everton។

«យើងត្រូវរង់ចាំមើលថ្ងៃនេះ (នៅឯការហ្វឹកហាត់) ប៉ុន្តែប្រហែលជាគាត់អាចស្ថិតក្នុងក្រុម»។ នេះបើតាមសម្តីលោក Pochettino បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសុក្រ។

ការវិលត្រឡប់របស់ James អាចជាការបង្កើនកម្លាំងសម្រាប់ Chelsea ក្នុង ៣ប្រកួតចុងក្រោយ ខណៈពួកគេកំពុងប្រឹងប្រែងស្វែងរកកៅអីលេងពានអឺរ៉ុប European នារដូវកាលក្រោយ ហើយក៏ជាការជួយជម្រុញឱ្យកីឡាករវ័យ ២៤ឆ្នាំរូបនេះ បង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024 ផងដែរ។

សូមជម្រាបថា Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងតារាង Premier League ដោយមាន ៥៤ពិន្ទុ ខណៈក្លិបដែលរងការគំរាមកំហែងកាត់ចោល Forest មាន ៣ពិន្ទុពីលើតំបន់គ្រោះថ្នាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៧ និងនៅសល់ ២ប្រកួតទៀត៕