(ភ្នំពេញ)៖ ជាមោទនភាពថ្មីមួយបន្ថែមទៀត សម្រាប់សហគមន៍សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទាំងមូល ដែលយុវសិស្សឆ្នើមចំនួន២រូបដណ្ដើមបានជ័យលាភីលេខ១ និងជ័យលាភីលេខ៣ ក្នុងចំណោមជ័យលាភីត្រឹមតែ៣រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

យុវសិស្សឆ្នើមទាំង២រូប គឺយុវតី ទ្រី វួចឆេង សិស្សថ្នាក់ទី៨ ដណ្ដើមបានជ័យលាភីលេខ១ និងយុវជន អៀម វិនឈីវ សិស្សថ្នាក់ទី៩ ដណ្ដើមបានជ័យលាភីលេខ៣។

កម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ក្នុងឆ្នាំ២០២៤នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ រយៈពេល១៥០ឆ្នាំ សហភាពប្រៃសណីយ៍សកលបានបម្រើមនុស្សជុំវិញពិភពលោកជាង៨ជំនាន់។ ចាប់តាំងពីពេលនោះមក ពិភពលោកបានផ្លាស់ប្ដូរយ៉ាងខ្លាំង។ ចូរសរសេរសំបុត្រទៅមនុស្សជំនាន់ក្រោយអំពីពិភពលោក ដែលអ្នកសង្ឃឹមថាពួកគេទទួលមរតក។

កម្មវិធីប្រកួតនេះមានការចូលរួមពីសិស្សានុសិស្ស១៤៧រូប តំណាងសាលារដ្ឋ និងឯកជនមកពី១០រាជធានី/ខេត្តទូទាំងប្រទេសកម្ពុជា។ នៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ម្ចាស់ជ័យលាភីពីលេខ១ ដល់លេខ៣ ត្រូវជ្រើសរើសយ៉ាងហ្មត់ចត់ ដោយឆ្លងកាត់៣ដំណាក់កាល តាមរយៈការវាយតម្លៃលើសំបុត្រ និងសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការប្រកួតប្រជែង ហើយស្នាដៃសំបុត្ររបស់ម្ចាស់ជ័យលាភីលេខ១ នឹងត្រូវបានផ្ញើទៅប្រកួតប្រជែងកម្រិតអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៣ រៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) នៅប្រទេសស្វីស។

ក្នុងការប្រកួតលើកទី៣ ក្នុងឆ្នាំ២០២៤នេះ ក្រៅពីជ័យលាភីទាំង២រូបខាងលើ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ២រូបផ្សេងទៀត ក៏ដណ្ដើមបានជ័យលាភី ក្នុងចំណាត់ថ្នាក់ល្អបំផុតទាំង១០ផងដែរ គឺយុវតី សួន ឃុនជីជី សិស្សថ្នាក់ទី៧ ទទួលបានចំណាត់ថ្នាក់លេខ៤ និងយុវជន ហ៊ាន វិរវិទូ សិស្សថ្នាក់ទី៨ ទទួលបានចំណាត់ថ្នាក់លេខ៩។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែដណ្ដើមបានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិនេះ ដោយក្នុងការប្រកួតប្រជែងលើកទី១ ក្នុងឆ្នាំ២០២២ យុវតី មេង សេនដូណា សិស្សថ្នាក់ទី៨ ទទួលបានជ័យលាភីលេខ២ និងការប្រកួតប្រជែងលើកទី២ ក្នុងឆ្នាំ២០២៣ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដណ្ដើមបានជ័យលាភីទាំង៣រូបតែម្ដង គឺយុវតី លុយ ហ្សែនប៊ី ជ័យលាភីលេខ១ យុវតី ទិត ទេពី ជ័យលាភីលេខ២ និងយុវតី យ៉ុន កន្និកា ជ័យលាភីលេខ៣៕