(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Erling Haaland អាចត្រូវបានបោះឆ្នោតជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់លីគ Premier League សម្រាប់ឆ្នាំទី២ របស់គេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិន័រវេស វ័យ ២៣ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសស្ថិតក្នុងបញ្ជីចុងក្រោយ (Shortlist) ជាមួយនឹងមិត្តរួមក្លិប City គឺកីឡាករ Phil Foden។

ជាមួយគ្នានោះ ខ្សែបម្រើក្លិប Arsenal កីឡាករ Martin Odegaard និង Declan Rice, ខ្សែប្រយុទ្ធក្លិប Chelsea កីឡាករ Cole Palmer, ខ្សែប្រយុទ្ធក្លិប Newcastle កីឡាករ Alexander Isak, ខ្សែប្រយុទ្ធក្លិប Aston Villa កីឡាករ Ollie Watkins និងខ្សែការពារក្លិប Liverpool កីឡាករ Virgil van Dijk ក៏ស្ថិតក្នុងបញ្ជីបោះឆ្នោតជុំចុងក្រោយផងដែរ។

អ្នកឈ្នះពានរង្វាន់កីឡាករឆ្នើម ដែលនឹងត្រូវសម្រេចតាមរយៈការបោះឆ្នោតសាធារណៈ និងលីគ Premier League នោះ នឹងត្រូវប្រកាសនៅថ្ងៃទី១៨ ខែឧសភាខាងមុខ។

ជាមួយគ្នានោះ អ្នកចាត់ការក្លិប City លោក Pep Guardiola ដែលធ្លាប់ឈ្នះពានរង្វាន់អ្នកចាត់ការឆ្នើមប្រចាំរដូវកាល ចំនួន ៤លើកមកហើយនោះ ក៏បានស្ថិតក្នុងបញ្ជីចុងក្រោយម្តងទៀតផងដែរ ជាមួយនឹងអ្នកចាត់ការក្លិប Arsenal លោក Mikel Arteta, អ្នកចាត់ការក្លិប​ Liverpool លោក Jurgen Klopp, អ្នកចាត់ការក្លិប Villa លោក Unai Emery និងអ្នកចាត់ការក្លិប​ Bournemouth លោក Andoni Iraola។

កាលពីឆ្នាំមុន Haaland បានក្លាយជាកីឡាករដំបូងគេបង្អស់ ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាល និងពានរង្វាន់កីឡាករវ័យក្មេងឆ្នើម បន្ទាប់ពីរកបាន ៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៥លើកក្នុងលីគ។

សូមជម្រាបថា អតីតខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ​ Cristiano Ronaldo គឺជាកីឡាករតែម្នាក់គត់ ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលចំនួន ២រដូវកាលជាប់គ្នា ពោលគឺរដូវកាល២០០៦-០៧ និងរដូវកាល២០០៧-០៨៕