(ឡុងដ៍)៖ ក្លិបបាល់ទាត់ Nottingham Forest ត្រូវតែបន្តដំណើរទៅមុខ បើទោះបីជាមានការខកចិត្ត ដែលពួកគេបានបរាជ័យ ក្នុងការដាក់ពាក្យប្តឹងឧទរណ៍ ប្រឆាំងតវ៉ានឹងការកាត់ ៤ពិន្ទុក៏ដោយ។ នេះបើយោងតាមសម្តីអ្នកចាត់ការ Nuno Espirito Santo ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

Forest បានចាញ់បណ្តឹងរបស់ពួកគេ ប្រឆាំងនឹងការបំពានច្បាប់ប្រាក់ចំណូល និងនិរន្តភាព (PSR) របស់លីគ Premier League ក្នុងសប្តាហ៍នេះ ជាមួយនឹងក្រុមប្រឹក្សាបណ្តឹងឧទរណ៍ឯករាជ្យ បានបន្តរក្សាការសម្រេចចិត្តដូចដើម ពោលគឺកាត់ ៤ពិន្ទុដដែល។

វាមានន័យថា ពួកគេបន្តស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាង Premeir League មានត្រឹម ៣ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល ដោយនៅសល់ ២ប្រកួតទៀត មុនបិទរដូវកាល។

«យើងទាំងអស់គ្នាមានការខកចិត្ត។ យើងបានរំពឹង និងជឿជាក់ថា ក្រុមប្រឹក្សាឧទរណ៍ឯករាជ្យ អាចផ្តល់ពិន្ទុឱ្យយើងវិញ។ ប៉ុន្តែការសម្រេចបានចប់ទៅហើយ»។ លោក Nuno បានលើកឡើង។

គួររំលឹកថា Nottingham Forest គឺជាក្លិបទី២ ហើយក្នុងលីគកំពូលអង់គ្លេស ដែលត្រូវបានកាត់ពិន្ទុ ពីបទបំពានច្បាប់ PSR បន្ទាប់ពីក្លិប Everton ត្រូវបានកាត់ ១០ពិន្ទុកាលពីខែវិច្ឆិកា ដែលក្រោយមកបានសម្រេចកាត់ត្រឹម ៦ពិន្ទុវិញ បន្ទាប់ពីមានការប្តឹងតវ៉ា៕