(បរទេស)៖ ដំណឹងចចាមអារ៉ាមកំពុងចុះផ្សាយជាបន្តបន្ទាប់ ពីភាពជាដៃគូរវាងក្រុមហ៊ុន Apple និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Rivian។ ទោះបីជា មហិច្ឆិតារបស់ Apple ក្នុងការផលិតរថយន្តអគ្គិសនីផ្ទាល់ខ្លួន ដែលស្ថិតក្នុងគម្រោត Project Titan ត្រូវបានប្រកាសលុបចោលកាលពីដើមឆ្នាំនេះក្តី តែសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តអគ្គិសនីរបស់ Apple ត្រូវបានគេដឹងថា នៅតែដំណើរការជាធម្មតា។ ព័ត៌មានផ្សាយថា Apple នឹងចាប់ដៃសហការជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាក Rivian ដើម្បីនាំយកបច្ចេកវិទ្យារថយន្តបំពាក់នៅលើរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ក្រុមហ៊ុនមួយនេះថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arena EV។

ក្រុមហ៊ុន Apple មានធនធាននៃបច្ចេកវិទ្យា ដែលត្រូវបានបង្កើតឡើងសម្រាប់គម្រោង EV របស់ខ្លួន ដោយផ្តោតលើបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ ស្របពេល ក្រុមហ៊ុនរថយន្ត Rivian កំពុងត្រៀមខ្លួន ផលិតរថយន្តជំនាន់ថ្មីរបស់ខ្លួនម៉ូដែល R2 និង R3 ជំនាន់ថ្មី។ ប្រសិនបើព័ត៌មាននៃការសហការគ្នារវាងក្រុមហ៊ុនទាំងពីរ ជាការពិត នោះមានន័យថា រថយន្តអគ្គិសនីជំនាន់ថ្មី R2 និង R3 របស់ Rivian នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ (Self-driving tech) របស់ Apple ដែលធ្វើឲ្យរថយន្ត Rivian អាចមានសមត្ថភាពខ្ពស់នៅលើប្រព័ន្ធ Autonomous driving កាន់តែប្រសើរ ក្នុងការប្រគូតប្រជែងជាមួយនឹងរថយន្តរបស់ Tesla។ ត្បិតបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់អាមេរិក Tesla កំពុងធ្វើការលើបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិដោយប្រើប្រព័ន្ធ AI ឬ AI-powered autonomous driving។

គួរជម្រាបថា ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian ត្រូវបានគេដឹងថា បានទទួលកញ្ចប់ថវិកាមូលធនពីរដ្ឋាភិបាលក្នុងរដ្ឋ Illinois ចំនួន ៧៧១លានអឺរ៉ូ ដើម្បីបង្កើនរោងចក្រខ្នាតតូចដំបូង សម្រាប់ការផលិតរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល R2 របស់ខ្លួន ហើយនាពេលខាងមុខក្រុមហ៊ុននេះ ក៏មានគម្រោងពង្រីងរោងចក្រទៅកាន់រដ្ឋមួយចំនួននៅអាមេរិកផងដែរ។ ងាកមកការសហការគ្នារវាង Apple និង Rivian នេះ ត្រូវបានគេសង្ស័យថា Apple មិនបោះបង់ចោលមហិច្ឆិតារបស់ខ្លួនហើយ ដោយនឹងទៅចង់សិក្សាបន្ថែមឲ្យបានកាន់តែស៊ីជម្រៅ ទាក់ទងដំណើរការក្នុងសង្វាក់ផលិតរថយន្តអគ្គិសនី ទោះបីជាគម្រោង Project Titan របស់ខ្លួនត្រូវបានប្រកាសលប់ចោលរួចហើយក្តី៕