(ប្រាក់)៖ Fiorentina បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ UEFA Europa Conference League រដូវកាលនេះជាថ្មីម្តងទៀត ជាទីដែលពួកគេធ្លាប់ចាញ់ West Ham រដូវកាលមុន បន្ទាប់ពីទម្លាក់ Club Brages ក្នុងជើងទី២ នាយប់មិញនេះតាមរយៈតាមស្មើ ១-១ ចុងម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

កីឡាករ Lucas Beltran ជាអ្នករកបានគ្រាប់តាមស្មើ ១-១ នៅនាទី៨៥ ដោយបាល់ប៉េណាល់ទី ក៏ព្រោះខ្សែការពារខាងម្ចាស់ផ្ទះ Brandon Mechele បានបង្កកំហុសទៅលើ M’Bala Nzola ក្នុងប្រអប់គ្រោះថ្នាក់ ក្រោយពេល Maxim de Cuyper ជាអ្នករកបានគ្រាប់នាំមុខនៅនាទីទី២០។ ការប្រកួតនេះដែរធ្វើឡើងនៅប្រទេសប៊ែលហ្សិក ក្នុងកីឡដ្ឋាន Jan Breydel ដោយ Fiorentina លេងឈ្នះ ៣-២ កាលពីជើងទី១ នៅទីក្រុង Florence។

តាមរយៈលទ្ធផលស្មើគ្នា ១-១ នេះដែរ បានធ្វើឱ្យក្រុមលេងនៅលីគកំពូលអ៊ីតាលី Serie A គឺ Fiorentina ឡើងទៅចាំមុនទីផ្តាច់ព្រ័ត្រ ដោយរង់ចាំរវាងក្រុមឈ្នះ Olympiakos របស់ក្រិក ឬក៏ Aston Villa របស់អង់គ្លេស ដែលត្រូវលេងបញ្ចប់ជើងទី២ នារាត្រីនេះ។

នៅចាំបានថា ការឡើងវគ្គផ្តាច់ព្រ័ត្រ Conference League ជាលើកទី២ ជាប់ៗគ្នានេះដែរ Fiorentina រំពឹងធ្វើបានល្អជាងរដូវកាលមុន ក្រោយចាញ់ក្រុមអង់គ្លេស West Ham United ២-១ កាលផ្តាច់ព្រ័ត្រធ្វើឡើងនៅប្រទេសឆេក៕