(ឡុងដ៍)៖ កីឡាករតេន្នីសអង់គ្លេស Andy Murray នឹងជាសះស្បើយពីបញ្ហារបួស ដោយនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Genea Open 2024។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

អតីតកីឡាករលំដាប់លេខ១ ពិភពលោក ដែលនឹងឈានដល់វ័យ ៣៧ឆ្នាំនាចុងខែនេះបានគ្រេចកជើង ក្នុងការប្រកួតសិតចុងក្រោយ នៃការបរាជ័យរបស់លោក ពេលប៉ះកីឡាករឆេក Tomas Machac ក្នុងកម្មវិធី Miami Open កាលពីខែមីនា ហើយបានដកខ្លួនចេញពីការប្រកួត ក្នុងព្រឹត្តិការណ៍ Monte Carlo Masters និង Munich Open កាលពីខែមុនដែរ។

Murray បានជ្រើសយកការមិនវះកាត់នោះទេ ហើយឥឡូវនេះនឹងវិលត្រឡប់មកវិញ ក្នុងព្រឹត្តិការណ៍ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែឧសភាខាងមុខ នៅប្រទេសស្វីស។

អតីតម្ចាស់ពានរង្វាន់ក្នុងកម្រិត Grand Slam ចំនួន ៣លើក ដែលធ្លាប់បានទទួលការវះកាត់កែឆ្អឹងត្រគាក កាលឆ្នាំ២០១៩ បានលើកឡើងថា លោកមិនមានគម្រោងប្រកួតច្រើននោះទេក្នុងរដូវក្តៅនេះ ប៉ុន្តែរំពឹងថា នឹងអាចប្រកួតក្នុងព្រឹត្តិការណ៍ Olympics នៅប្រទេសបារាំង។

​សូមជម្រាបថា ព្រឹត្តិការណ៍ Winbledon ដែល Murray ធ្លាប់ជាម្ចាស់ពានរង្វាន់ជើងឯកចំនួន ២លើកនោះ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែកក្កដា ហើយព្រឹត្តិការណ៍ Paris Games នឹងចាប់ផ្តើមនៅចុងខែនោះដូចគ្នា៕