(ទុយនីស)៖ ម្ចាស់មេដាយមាស Olympic វិញ្ញាសាហែលទឹកសេរីចម្ងាយ ៤០០ម៉ែត្រ កីឡាករ Ahmed Hafnaoui នឹងខកខានព្រឹត្តិការណ៍ Paris Games 2024 នៅប្រទេសបារាំង។ នេះបើយោងតាមសមាគមកីឡាទឹកទ្វីបអាហ្វ្រិក (Africa Aquatics) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ស្ថាប័នគ្រប់គ្រងកីឡាហែលទឹកប្រចាំទ្វីបអាហ្វ្រិកនេះ បានលើកឡើងនៅលើគេហទំព័ររបស់ខ្លួនថា កីឡាករវ័យ ២១ឆ្នាំសញ្ជាតិទុយនេស៊ីរូបនេះបានបញ្ជាក់ថា​ លោកនឹងមិនប្រកួតនៅព្រឹត្តិការណ៍ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហានោះទេ។

របាយការណ៍របស់ AA បានឱ្យដឹងថា កីឡាករ Hafnaoui បានបដិសេធ ក្នុងការបន្តការហ្វឹកហាត់នៅសហរដ្ឋអាមេរិក ជាទីកន្លែងដែលលោកស្នាក់នៅកាលពីពេលមុន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

យ៉ាងណាមិញ ប្រធានគណៈកម្មាធិការអូឡាំពិកទុយនេស៊ី លោក Mehrez Boussayene បានប្រាប់ថា ការចូលរួមរបស់កីឡាករ Hafnaoui នៅទីក្រុង Paris មិនទាន់មានការសម្រេចចិត្តពេញលេញនៅឡើយនោះទេ។ លោកបានបន្ថែមថា កីឡាកររូបនេះមានបញ្ហារបួសដែលតម្រូវឱ្យសម្រាករយៈពេល ៤៥ថ្ងៃ។

អ្នកស្រី Amira ជាម្តាយរបស់កីឡាករ Hafnaoui បានលើកឡើងថា ការផ្តោតការយកចិត្តទុកដាក់សំខាន់របស់កូនគាត់នាពេលនេះ គឺការជាសះស្បើយពីរបួស។

​​​គួរជម្រាបថា ក្នុងឆ្នាំ២០២១ នៅវ័យ ១៨ឆ្នាំ Hafnaoui បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយឈ្នះមេដាយមាសវិញ្ញាសាហែលទឹកសេរី ចម្ងាយ ៤០០ម៉ែត្រនៅឯព្រឹត្តិការណ៍ Tokyo Olympics ដែលមានជប៉ុនធ្វើម្ចាស់ផ្ទះ៕