(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាជួបពិភាក្សាជាមួយសាលាស្រុកបន្ទាយស្រី អធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរឃុំរុនតាឯក ក្នុងគោលបំណងបង្កើនកិច្ចសហការបន្ថែមទៀតលើការផ្តល់សេវាកម្មផ្សេងៗពាក់ព័ន្ធនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអំពីការសាងសង់សំណង់ និងការប្រើប្រាស់ដីធ្លីនៅក្នុងតំបន់អង្គរឱ្យបានសមស្រប។

ក្នុងកិច្ចពិភាក្សានេះធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

អាជ្ញាធរជាតិអប្សរាក៏បានពន្យល់បទដ្ឋានគត្តិយុត្តច្បាប់ដល់អាជ្ញាធរស្រុកបន្ទាយស្រី សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរឃុំរុនតាឯក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអំពីសិទ្ធិ និងលក្ខណៈបច្ចេកទេសមួយចំនួន ដូចជា៖

១. អាចជួសជុលផ្ទះ ដែលចាស់ទ្រុឌទ្រោមឱ្យទៅជាល្អឡើងវិញ
២. អាចសុំច្បាប់អនុញ្ញាតរុះរើផ្ទះចាស់ដើម្បីធ្វើផ្ទះថ្មី ប៉ុន្តែត្រូវធ្វើសំណង់ទៅតាមលក្ខណៈជាផ្ទះខ្មែរ
៣. អាចពង្រីកខ្នងផ្ទះបាន ប្រសិនបើផ្ទះចាស់មានសភាពតូចចង្អៀត
៤. អាចធ្វើស្រែ ឬចម្ការ នៅលើដីដែលគាត់កំពុងអាស្រ័យផលនោះបានជាធម្មតា
៥. អាចផ្ទេរកម្មសិទ្ធិផ្ទះឬដីបន្តទៅឱ្យកូនៗបាន និងអាចលក់ផ្ទះឬក៏ដីទៅឱ្យអ្នកភូមិជាមួយគ្នាបាន លើកលែងតែអ្នកដែលមកពីចម្ងាយ៕