(ឡុងដ៍)៖ ក្លិប Nottingham Forest បានបរាជ័យ ក្នុងការប្តឹងឧទ្ធរណ៍របស់ពួកគេ ដើម្បីទាមទារត្រឡប់យកមកវិញ នូវការកាត់ចេញ ៤ពិន្ទុ ដោយហេតុជាប់ពាក់ព័ន្ធនឹងការបំពានរបស់ពួកគេ លើច្បាប់ចំណូល​ និងនិរន្តភាព (PSR) របស់លីគ Premier League ក្នុងរដូវកាល២០២២-២៣។ នេះបើយោងតាមការប្រកាសពីលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

Forest បានដាក់ពាក្យបណ្តឹងតវ៉ា បន្ទាប់ពីការកាត់ ៤ពិន្ទុកាលពីខែមីនា ធ្វើឱ្យពួកគេស្ថិតក្នុងតំបន់គ្រោះថ្នាក់ នៃការកាត់ចោល។ ពួកគេបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន២៩ពិន្ទុ និងនៅសល់ ២ប្រកួតទៀត។

«ក្រុមប្រឹក្សាឧទ្ធរណ៍ឯករាជ្យ បានបន្តរក្សាការសម្រេចរបស់គណៈកម្មាធិការ ក្នុងការកាត់ ៤ពិន្ទុពីក្លិប Nottingham Forest បន្ទាប់ពីបានសារភាពថា បានបំពានច្បាប់ Premier League’s Profitability and Sustainability Rules»។ នេះបើតាមលីគបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សូមជម្រាបថា Forest នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Chelsea នៅថ្ងៃសៅរ៍ និងបញ្ចប់រដូវកាលរបស់ពួកគេ ក្នុងការប្រកួតទល់នឹង Burnley នៅថ្ងៃទី១៩ ខែឧសភាខាងមុខ៕