(បរទេស)៖ បើយោងតាមរបាយការណ៍ថ្មីមួយ ពីស្ថាប័នស្រាវជ្រាវ Counterpoint Research បានបង្ហាញពីទិន្នន័យនៃការនាំចេញស្មាតហ្វូនទូទាំងពិភពលោក ក្នុងនោះទូរស័ព្ទ iPhone ស៊េរីខ្ពស់ និងថ្មីបំផុត គឺ iPhone 15 Pro Max គឺមានប្រជាប្រិយភាពជាងម៉ូដែល iPhone ផ្សេងៗទៀត ហើយក៏ជាជម្រើសកំពូលធៀបនឹងស្មាតហ្វូនកំពូល និងស្មាតហ្វូនថ្នាក់កណ្តាលរបស់ Samsung។ ប្រការនេះ បានធ្វើឲ្យ iPhone 15 Pro Max វ៉ាដាច់ Samsung ក្លាយជាស្មាតហ្វូន លក់ដាច់បំផុតលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព៍ត៌មាន 9to5mac នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

Counterpoint បានចែករំលែករបាយការណ៍ចុងក្រោយរបស់ខ្លួន នៅលើគេហទំព័រផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ ជាមួយនឹងទិន្នន័យ ដែលបង្ហាញពីកំពូលស្មាតហ្វូនដែលលក់ដាច់បំផុតទាំង១០នៃ ត្រីមាសទី១ រវាងឆ្នាំ២០២៤ និងឆ្នាំ២០២៣។ តាមទិន្នន័យបង្ហាញថា ចំណាក់ថ្នាក់កំពូលពីលេខរៀងទី១រហូតដល់ទី៤ គឺគ្រងតំណែងដោយត្រកូល iPhone រួមមាន iPhone 15 Pro Max, iPhone 15, iPhone 15 Pro និង iPhone 14 ខណៈស្មាតហ្វូនរបស់ Samsung គឺ Samsung Galaxy S24 Ultra ជាប់ចំណាត់ថ្នាក់ទី៥, ទូរស័ព្ទ Galaxy A15 5G ឈរនៅទី៦ និង Galaxy A54 ឈរនៅលេខរៀងទី៧។ បន្ទាប់មក iPhone 15 Plus ឈរនៅលេខ៨, Galaxy S24 ទី៩ និង A34 ឈរនៅលេខរៀងទី១០។

បើទោះបីជាព័ត៌មានបង្ហាញពីសន្ទុះវិជ្ជមាន សម្រាប់ចំណែកទីផ្សារ iPhone ក៏ពិតមែន ប៉ុន្តែនាពេលថ្មីៗនះ Apple បានប្រកាសថា ការលក់ iPhone របស់ខ្លួនសរុបបានធ្លាក់ចុះ ១០% នៅក្នុង ត្រីមាសទី១ ក្នុងឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣៕