(ក្រុងរ៉ូម)៖ កីឡាករអន្តរជាតិស្កុតឡេន Lewis Ferguson របស់ក្លិបបាល់ទាត់ Bologna ត្រូវបានបោះឆ្នោតជាប់ជាខ្សែបម្រើលេងល្អប្រចាំឆ្នាំ នៅក្របខណ្ឌលីគកំពូល Serie A 2023-2024។ នេះបើតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បុរសដែលមានវ័យទើបតែ ២៤ឆ្នាំខាងលើទទួលបានពានកិត្តិយស Bulgarelli Number 8 នេះ ក្រោយពេលប្រធានក្រុម Ferguson ក៏បានរួមចំណែកជួយក្រុម Bologna ស្ថិតក្នុងតំបន់កៅអីលេងពានធំ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League នារដូវកាលក្រោយផងដែរ ដ្បិតពួកគេកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាងពិន្ទុ ដោយត្រូវលេង ៣ប្រកួតទៀត ដើម្បីបិទរដូវកាលដ៏ពេញលេញ។

Ferguson មានទម្រង់លេងឈានដល់កម្រិតកំពូលនៅក្របខណ្ឌលីគកំពូលប្រចាំប្រទេសអ៊ីតាលីនារដូវកាលនេះ តាមរយៈរកបាន ៦គ្រាប់ និងបោះបាល់ឱ្យគេស៊ុតបាន ៤គ្រាប់ផងដែរ ក្នុងចំណោម ៣១ប្រកួត។ កន្លងមកពានឯកត្តជននេះ ត្រូវបានឈ្នះដោយកីឡាករ Daniele De Rossi, Nicolo Barella និង Sandro Tonali។

គួរឱ្យស្តាយផងដែរ Lewis Ferguson នឹងខកខានលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ជាមួយក្រុមជម្រើសជាតិស្កុតឡេន ដោយមានបញ្ហារបួសជង្គង់ជាសះស្បើយមិនទាន់ពេលវេលា៕