(ឡុងដ៍)៖ Bruno Fernandes មានភាពរីករាយនៅក្លិប Manchester United ហើយនឹងបន្តលេងនៅក្លិប Premier League នារដូវកាលក្រោយ។ នេះបើយោងតាមសម្តីអ្នកចាត់ការទូទៅ លោក Erik Ten Hag ចំពេលដែលមានការប្រមើលមើលអំពីអនាគតរបស់ខ្សែបម្រើរូបនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកិច្ចសម្ភាសន៍កាលពីសប្តាហ៍មុន Fernandes បានលើកឡើងថា លោកនឹងពិចារណាអំពីអនាគតរបស់លោកជាមួយ Man Utd បន្ទាប់ពីចប់ព្រឹត្តិការណ៍ Euro 2024 ក្នុងឆ្នាំនេះ ហើយថាលោកនឹងបន្តលេងនៅបិសាចក្រហមទៀត ប្រសិនបើទាំងលោក និងក្លិបចង់ឱ្យគាត់បន្ត។

នៅពេលសួរអំពីការលើកឡើងរបស់កីឡាករ Fernandes វិញ លោក Ten Hag បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំដឹងថា គាត់គឺ Manchester United ហើយខ្ញុំគិតថា គាត់រីករាយណាស់ចំពោះការលេងនៅទីនេះ»

អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានលើកឡើងថា លោករំពឹងយ៉ាងជឿជាក់ថា Fernandes នឹងឃើញកិច្ចសន្យារបស់គាត់ដែលមានសុពលភាព រហូតដល់ឆ្នាំ២០២៦ ហើយលោកបានបញ្ជាក់ពីសារៈសំខាន់ នៃកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ ថាជាគំរូម្នាក់សម្រាប់កីឡាករដទៃទៀតនៅក្នុងក្រុម។

​សូមជម្រាបថា Man Utd បច្ចុប្បន្ននេះ បានកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ ក្នុងតារាង Premier League ក្រោយចាញ់ម្ចាស់ផ្ទះ Crystal Palace ៤ទល់នឹង០ នាយប់មិញនេះ៕