(ឡុងដ៍)៖ លោក Julen Lopetegui បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការធ្វើជាអ្នកចាត់ការក្លិបញញួរធំ West Ham United នៅពេលចប់រដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

មិនទាន់មានការចុះកិច្ចព្រមព្រៀងនៅឡើយនោះទេ ប៉ុន្តែបុរសវ័យ ៥៧ឆ្នាំរូបនេះ គឺកៀកនឹងវិលត្រឡប់ចូលកាន់តួនាទីជាអ្នកចាត់ការវិញ បន្ទាប់ពីការចាកចេញពីក្លិប Wolves កាលពីខែសីហាឆ្នាំមុន។

អ្នកចាត់ការក្លិប West Ham បច្ចុប្បន្នលោក David Moyes បានស្ថិតក្រោមសម្ពាធដែលកំពុងកើនឡើង បន្ទាប់ពីដំណើរការដឹកនាំលទ្ធផលមិនល្អ ដែលក្លិបរបស់លោក បានឈ្នះត្រឹមតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៩ប្រកួតចុងក្រោយរបស់ពួកគេក្នុងលីគ Premier League និងបានធ្លាក់ចេញពីលីគ Europa League ក្នុងវគ្គ ៨ក្រុមចុងក្រោយ។

West Ham ត្រូវបានបំបាក់ ៥-០ ដោយក្លិបតោខៀវ Chelsea កាលពីថ្ងៃអាទិត្យ នាំឱ្យពួកគេស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាង Premier League។

លោក Moyes ដែលនឹងផុតកិច្ចសន្យានារដូវក្តៅនេះ បានឆ្លើយសំណួរម្តងហើយម្តងទៀតអំពីអនាគតរបស់លោកនៅក្លិបញញួរធំមួយនេះ ដោយបានលើកឡើងថា ការជជែកគ្នានឹងមិនធ្វើឡើងនោះឡើយ រហូតដល់ការប្រកួតចុងក្រោយរបស់ពួកគេទល់នឹង Manchester City នៅថ្ងៃទី១៩ ខែឧសភាខាងមុខ។

ដោយឡែកអតីតអ្នកចាត់ការក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិប Real Madrid លោក Lopetegui បានជាប់ពាក់ព័ន្ធនឹងព័ត៌មានការងារជាច្រើនកន្លែង ហើយត្រូវបានគេគិតថា នឹងវិលត្រឡប់មកដឹកនាំក្លិបលេងនៅ Premier League វិញ បន្ទាប់ពីបានដឹកនាំក្លិប Wolves ឡើងទៅកាន់តំបន់សុវត្ថិភាព កាលពីរដូវកាលមុន៕