(អាំស្ទើដាំ)៖ PSV Eindhoven បានគ្រងតំណែងជើងឯកពាន Eredivisie រដូវកាលឆ្នាំ២០២៣-២០២៤ នេះ ក្រោយពេលយកឈ្នះគូប្រជែង Sparta Rotterdam ៤-២ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី០៦ ខែឧសភា។

នេះមានន័យថា ពួកគេបានឈ្នះពានលំដាប់កំពូលប្រចាំប្រទេសហូឡង់មួយនេះ គម្រប់បាន ២៥លើកជាប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ ដ្បិតនៅសល់ ២ប្រកួតទៀត មុនពេលបិទរដូវកាលនេះដ៏ពេញលេញ។

ក្រុមដែលដឹកនាំដោយលោក Peter Bosz ដែលត្រូវការត្រឹមស្មើ ដើម្បីនាំមុខកំពូលតារាងដាច់ផងនោះ បានធ្វើការវាយបកយកជ័យជម្នះវិញ ពីការធ្វើបានសម្រេចរបស់កីឡាករ Johan Bakaoko, Olivier Boscagli, Jordan Teze និងការធ្វេសប្រហែសចូលទីខ្លួនឯងរបស់ខ្សែការពារ Said Bakari ផងនោះ។

PSV ធ្វើបានល្អមែនទែននារដូវកាលនេះក្នុងលីគ តាមរយៈទទួលបានជ័យជម្នះ ២៨លើក ក្នុងចំណោម ៣២ប្រកួតរបស់ពួកគេ និងចាញ់តែ ១លើកប៉ុណ្ណោះ។

តាមរយៈជ័យជម្នះនេះដែរ បានបញ្ចប់ការទន្ទឹងរង់ចាំ ៦ឆ្នាំ ក្នុងការឈ្នះជើងឯកលីគរបស់ហូឡង់ គ្រាដែល Feyenoord នឹងបញ្ចប់ក្នុងតំណែងលេខ២ នៃតារាងពិន្ទុ ស្ថិតក្រោមការបង្វឹករបស់លោក Arne Slot ដែលត្រៀមទៅជំនួសកន្លែងលោក Jurgen Klopp នៅក្លិបហង្សក្រហម Liverpool ចាប់ពីរដូវកាលឆ្នាំ២០២៤-២០២៥ តទៅ៕