(បរទេស)៖ ក្រុមហ៊ុនមួយរបស់ជប៉ុន នាពេលថ្មីៗនេះបានបង្ហាញឧបករណ៍គំរូ 6G ល្បឿនលឿនដំបូងគេរបស់ពិភពលោក ដែលមានសម្ថភាពអាចបញ្ជូនទិន្នន័យក្នុងល្បឿន 100 gigabits ក្នុងមួយវិនាទី (Gbps) និងគ្របដណ្តប់លើផ្ទៃដីលើសពី ៣០០ហ្វីត។ ប្រការនេះ បានធ្វើឲ្យប្រទេសជប៉ុនក្លាយជាប្រទេសដំបូងគេលើលោក បញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធ 6G ខណៈដំណើរការលឿនជាង 5G បច្ចុប្បន្នគុណនឹង២០ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។

ឧបករណ៍គំរូនេះ ត្រូវបានគេដឹងថាជាការសហការរួមគ្នារវាងក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសជប៉ុន ដូចជា៖ DOCOMO, NTT Corporation, NEC Corporation និង Fujitsu ជាដើម។ ឧបករណ៍គំរូដំណើរការដោយប្រព័ន្ធ 6G នេះទៀតសោទ គឹត្រូវបានប្រកាសលទ្ធផលតេស្តជោគជ័យនៅថ្ងៃទី១១ ខែមេសា ដែលក្រុមហ៊ុនបានបង្ហើបថា វាមានល្បឿនលឿនដល់ទៅ 100Gbps សម្រាប់ការប្រើប្រាស់នៅខាងក្នុង ជាមួយកម្រិតហ្រ្វេកង់ 100GHz និងការប្រើប្រាស់ខាងក្រៅ មានល្បឿនហ្រ្វេកង់ខ្ពស់ដល់ 300GHz។

ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានស្តីពីការដាក់ពង្រាយនៅប្រព័ន្ធសេវាជំនាន់ថ្មី 6G Network នៅឡើងទេ ប៉ុន្តែមានការព្យាករណ៍ថា ឆាប់ៗនេះឧបករណ៍ជំនាន់ថ្មីនេះ អាចនឹងធ្វើការអភិវឌ្ឍន៍ផលិតជាមួយនិងអង់តែនសេវា 6G នៅមុនពេលដែលប្រព័ន្ធបណ្តាញសេវាជំនាន់ថ្មីនេះប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍៕