(អារ៉េស)៖ លោក Cesar Luis Menotti ដែលបានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន ដណ្តើមពានជើងឯកពិភពលោក World Cup នៅឆ្នាំ១៩៧៨ នោះ បានទទួលអនិច្ចកម្មពីលោកនេះហើយ ដោយជរាពាធក្នុងវ័យ ៨៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

លោក Menotti ដែលផ្តើមអាជីពជាកីឡាករបាល់ទាត់ពីក្លិបក្នុងស្រុក Newell’s Old Boys ផងនោះ បានដឹកនាំក្រុមក្នុងប្រទេសរបស់លោក អាហ្សង់ទីនឈ្នះជើងឯក World Cup 1978 បន្ទាប់ពីយកឈ្នះគូប្រជែងហូឡង់ ៣-១ នៃវគ្គផ្តាច់ព្រ័ត្រក្នុងម៉ោងថែម ១៥នាទី ២ដង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អាហ្សង់ទីន AFA បានឱ្យដឹងថា «AFA មានការសោកសង្រេងជាខ្លាំង ដោយបានបាត់បង់លោក Cesar Luis Monetti អតីតគ្រូបង្វឹកជើងឯកពិភពលោករបស់អាហ្សង់ទីន»

កាលនៅជាកីឡាករ លោក Monetti បានលេងក្នុងតំណែងប្រយុទ្ធកាលជំនាន់អតីតវីរបុរសរបស់ប្រេស៊ីល គឺលោក Pele ដោយបានចូលលេងឱ្យជម្រើសជាតិអាហ្សង់ទីនបាន ១១ប្រកួតទៀតផង នាមជាកីឡាករធ្លាប់លេងនៅ FC Barcelona ទៀតផង។

លោក Monetti បានចូលដឹកនាំក្រុមធំអាហ្សង់ទីន ក្នុងឆ្នាំ១៩៧៤ មុនពេលដណ្តើមបានពាន World Cup នៅ ៤ឆ្នាំបន្ទាប់ ដោយកាលនោះ លោក Diego Maradona មានវ័យទើបតែ ១៧ឆ្នាំប៉ុណ្ណោះ។ រជ្ជកាលដឹកនាំរបស់លោក Monetti ត្រូវបានបញ្ចប់នៅពេលអាហ្សង់ទីន ហាលអាវពី World Cup 1982 នៅប្រទេសអេស្ប៉ាញ ពេលលេងចាញ់ប្រេស៊ីល ៣-១ ក្នុងជុំទី២ គ្រាដែលជើងខ្លាំង Maradona ត្រូវបានពិន័យកាតក្រហមផងនោះ៕