(ភ្នំពេញ)៖ ទីបំផុតក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកលីគកំពូល(CPL) រដូវកាលឆ្នាំ២០២៣/២៤ ជាផ្លូវការហើយ ក្រោយយកឈ្នះក្រុមបឹងកេត ៤-១ ដោយលទ្ធផល ស្របពេលក្រុមភ្នំពេញក្រោន ដែលជាគូប្រជែង បានចាញ់ក្រុមភ្ញៀវវិសាខា ២-០ ក្នុងជំនួបបើកឆាកវគ្គ ៤ក្រុមចុងក្រោយ(Top-4) នៅព្រលប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ។

សម្រាប់ជំនួបនៅកីឡដ្ឋានខេត្តស្វាយរៀង គឹម សុខយុទ្ធ បានប្រើពេល ៦វិនាទី ដើម្បីស៊ុតគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ មុនខ្សែការពារ សារ៉េត គ្រីយ៉ា និងកីឡាករឡាវ Bounphachan Bounkong រកបានម្នាក់ ១គ្រាប់ នៅនាទី២២ និងនាទី២៨ ជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង នាំមុខបឹងកេត ៣-០ នៅវគ្គទី១ មុនកីឡាករ Takashi Odavara បន្ថែមគ្រាប់ទី៤ នៅនាទី៥៦ ខណៈបឹងកេត រកបាន ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ ចាន់ វឌ្ឍនាកា នៅនាទី៥៣ ។

ចំណែកក្រុមភ្នំពេញក្រោន បានអស់ឱកាសប្រជែងពាន បន្ទាប់ពីចាញ់ក្រុមវិសាខា ជាលើកដំបូងក្នុងរដូវកាលនេះ ក្នុងលទ្ធផល ២-០ ។ ២គ្រាប់របស់ក្រុមវិសាខា ធ្វើសម្រេចដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៥៤ និងកីឡាករ សារ ទី នៅនាទី៨៣ បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល ០-០ នៅវគ្គទី១ ។

ក្រោយបញ្ចប់ការប្រកួតទាំង ២គូខាងលើ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាង ដោយរកបាន ៧២ពិន្ទុ ដែលមានប្រៀបលើក្រុមភ្នំពេញក្រោន រហូតដល់ ៨ពិន្ទុ ។ ផ្អែកលើលទ្ធផលនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង គ្រងជើងឯកលីគកំពូលកម្ពុជា ដោយស្វ័យប្រវត្តិ ទោះបីក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃទៀតក៏ដោយ ។

តាមរយៈការគ្រងជើងឯកលីគនេះដែរ នាំឲ្យព្រះខ័នរាជស្វាយរៀង បានតាមទាន់កំណត់ត្រាភ្នំពេញក្រោន ដែលឈ្នះពាន ២ (CPL និង Hun Sen Cup) ក្នុងរដូវកាលតែមួយ កាលពីឆ្នាំ២០០៨ ដ្បិតព្រះខ័នរាជស្វាយរៀង ក៏ទើបគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ផងដែរ ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន ១-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ៕