(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានរៀបចំកម្មវិធីទទួលទានអាហារសាមគ្គីដល់ក្រុមបាល់ទាត់ Kun Khmer All Star និងក្រុមបាល់ទាត់តារាកម្ពុជា (CFSS) បន្ទាប់ពីក្រុមទាំងពីរ បានបញ្ចប់ការប្រកួតមិត្តភាពដើម្បីសប្បុរសធម៌ដ៏ជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី០១ ខែឧសភាកន្លងទៅ។

ក្នុងនាមប្រធានសហព័ន្ធ និងជាកីឡាករលេងស្ទើរពេញ ៩០នាទីនៃក្រុម Kun Khmer All Star លោក ខូវ ឆាយ បានសម្ដែងនូវសេចក្ដីរីករាយ និងមោទនភាពជាខ្លាំង ចំពោះការប្រកួតមិត្តភាពសប្បុរសធម៌កាលពីថ្ងៃពុធកន្លងទៅ ដែលមានសន្ទុះគាំទ្រដ៏ច្រើនលើសលុបនៅពហុកីឡដ្ឋានជាតិអូឡាំពិក និងការចូលរួមបរិច្ចាគរបស់សប្បុរសជនយ៉ាងច្រើន ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តបតាមការអំពាវនាវរបស់សម្ដេចតេជោ ដើម្បីជួយដល់កុមាររាប់ម៉ឺននាក់ និងជួយដល់ការងារសប្បុរសធម៌ផ្សេងទៀត។

ចំណែកលោក សុផាឆៃ វិរៈភុជុង ក្នុងនាមគ្រូបង្វឹកកិត្តិយសក្រុមប្រជុំដោយកីឡាករគុនខ្មែរ ក៏បានបង្ហាញនូវមោទនភាពដូចគ្នា ដ្បិតលោកចាត់ទុកនេះគឺជាការសម្រេចនូវក្ដីស្រមៃមួយ ដែលលោកចង់រៀបចំឲ្យមានការប្រកួតសប្បុរសធម៌បែបនេះជាយូរមកហើយ។ លោកពិតជាសប្បាយចិត្ត ដែលព្រឹត្តិការណ៍នេះបានកើតឡើង ក្រោមគំនិតផ្ដួចផ្ដើម និងការអញ្ជើញដឹកនាំផ្ទាល់របស់សម្ដេចតេជោ ដែលនាំឲ្យព្រឹត្តិការណ៍នេះ បានផ្ដល់នូវតម្លៃអប់រំដ៏ច្រើន សម្រាប់ប្រជាពលរដ្ឋ និងយុវជន ក្នុងការលេងកីឡា និងជួយដល់ការងារសង្គម។

សូមរំឮកថា ការប្រកួតបាល់ទាត់មិត្តភាព ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» កាលពីថ្ងៃពុធកន្លងទៅ មាន ៤ក្រុមចូលរួម និងមាន ២ប្រកួត ដោយលទ្ធផលក្រុមបាល់ទាត់តារាកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយស បានយកឈ្នះក្រុម Kun Khmer All Star ២-០ គ្រាដែល ១គូទៀត គឺក្រុម Vlogger All Star បានយកឈ្នះក្រុមអ្នកលេងបាល់ទះ S&E All Star ២-១ ស្របពេលព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលទស្សនាផ្ទាល់រហូតដល់ ២៩,៩៩៨នាក់។

តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ បានកៀគរថវិកាបរិច្ចាគពីសប្បុរសជនសរុបចំនួន ៥,០០១,២៥០ដុល្លារ គិតត្រឹមថ្ងៃប្រកួត ហើយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០ម៉ឺនដុល្លារ, គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ចំនួន ២០គ្រួសារ ចំនួន ២០ម៉ឺនដុល្លារ សរុបចំនួន ១លានដុល្លារ ខណៈថវិកានៅសល់ ត្រូវបានផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕