(ក្រុងរ៉ូម)៖ ក្រុមមកពីលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen បានបន្តកាន់កាប់កំណត់ត្រាលេង ៤៧ប្រកួត មិនចាញ់ឡើយ ក្រោយបំបាក់ម្ចាស់ផ្ទះ AS Roma ២ទល់នឹង០ នាយប់មិញក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League 2023-2024។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ កីឡា BBC នាថ្ងៃទី០៣ ខែឧសភា។

ការរកបានគ្រាប់បាល់ពីសំណាក់កីឡាករ Florian Wirtz និង Robert Andrich សម្រាប់ក្រុមជើងឯក Bundesliga រដូវកាលនេះ បានជួយឱ្យ Leverkusen រកបានជ័យជម្នះលើកទី២ របស់ពួកគេក្នុងប្រទេសអ៊ីតាលី ដ្បិតម្ចាស់ផ្ទះ Roma មានស្ថិតិស៊ុតចំគោលដៅតែ ២លើកប៉ុណ្ណោះដោយខ្សែប្រយុទ្ធ Romelu Lukaku មុនពេលត្រូវបានប្តូរ ចេញនៅនាទី៧៩ គ្រាដែលកីឡាករបម្រុង Tammy Abraham មានឱកាសរកបាន ១គ្រាប់ដែរចុងម៉ោង តែធ្វើមិនបានសម្រេច។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឱ្យក្រុមដែលដឹកនាំដោយបុរសសញ្ជាតិអេស្ប៉ាញ Xabi Alonso មានស្ថិតិលេង ៤៧ប្រកួតមិនចាញ់ឡើយ គ្រប់កម្មវិធីសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ ដោយបានឈ្នះពានលីគកំពូលអាល្លឹម៉ង់ Bundesliga រួចរាល់ផងដែរ មុនពេលបិទរដូវកាល។

Leverkusen នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួន ដែលស្ថិតក្នុងទីក្រុង Bergamo នាសប្តាហ៍ក្រោយ ដើម្បីលេងបញ្ចប់ជើងទី២ ទល់នឹង Roma ក្នុងការប្រជែងកៅអីទៅផ្តាច់ព្រ័ត្រ ស្របពេលជំនួបរវាង Marseille ទល់នឹង Atalanta នៅប្រទេសបារាំងបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ សម្រាប់ជើងទី១៕